(ភ្នំពេញ)៖ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ឱ្យអភិវឌ្ឍន៍ អគារជាប់គាំងដែលនៅសេសសល់ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីលើកស្ទួយវិស័យអចលនទ្រព្យ។

លើកឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យអចលនទ្រព្យរបស់កម្ពុជា ឆ្នាំ២០២៥» លោក សន សៀប បានថ្លែងថា បច្ចុប្បន្ននេះ អគារដែលនៅសល់មិនទាន់បញ្ចប់ការសាងសង់មានច្រើន ដែលមានទាំងសំណង់បុរី និងអគារខ្ពស់ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហេតុដូច្នេះហើយ វិនិយោគិនគួរតែគិតគូរ អភិវឌ្ឍន៍នូវអ្វីដែលមានស្រាប់ ជាជាងការវិនិយោគនូវអ្វីថ្មីៗ ខណៈរាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការអនុគ្រោះយ៉ាងច្រើន។

បើតាម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ គិតត្រឹមដើមឆ្នាំ២០២៤ អគារដែលត្រូវបានផ្អាកដំណើរការសាងសង់ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់, ខណៈអគារដែលត្រូវបានសាងសង់រួច, ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់, មានចំនួន ១៧៦។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ មានជាអាទិ៍៖ ការកសាងផ្លូវលឿន ភ្នំពេញ-ខេត្តព្រះសីហនុ, ការកសាងផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងខេត្ត, ជាពិសេសការដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង កាលពីខែមីនា ឆ្នាំ២០២៣ ដែលរួមបញ្ចូលនូវ វិធានការទូទៅ និងវិធានការលើកទឹកចិត្ត សម្រាប់អនុវត្ត រហូតដល់ឆ្នាំ ២០២៦។

តែយ៉ាងនេះក្តី លោក សន សៀប បានលើកឡើងថា បើទោះបីជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រច្រើនក៏ដោយ ប៉ុន្តែការអនុវត្តនៅមិនទាន់ចំគោលដៅ។

លោកសង្កេតឃើញថា ការទិញលក់នូវសំណង់អគារដែលបានផ្អាកដំណើរការសាងសង់ ដើម្បីយកមកអភិវឌ្ឍន៍បន្ត ហាក់នៅមានភាពស្មុគ្រស្មាញ ដូច្នេះហើយប្រសិនបើអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ពិនិត្យ និងសម្របសម្រួលត្រង់ចំណុចនេះ នោះនឹងអាចទាក់ទាញវិនិយោគមក អភិវឌ្ឍន៍អគារដែលនៅសេសសល់បានច្រើន៕