(គូឡាឡាំពួ)៖ ក្រុមហ៊ុនរថយន្តម៉ាឡេស៊ី Proton បានដាក់សម្ពោធរថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈប្រទេសអាស៊ីអាគ្នេហ៍មួយនេះ ព្យាយាមជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ និងការក្លាយខ្លួនជាមជ្ឈមណ្ឌលមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន Proton គឺជាក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុនភាគច្រើន ដោយក្រុមហ៊ុនម៉ាឡេស៊ី DRB HICOM ហើយភាគហ៊ុនដែលនៅសល់ចំនួន ៤៩,៩ភាគរយទៀតកាន់កាប់ ដោយក្រុមហ៊ុនផលិតរថយន្តចិន Zhejiang Geely Holding Group ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការដាក់បង្ហាញរថយន្តម៉ូដែល e.MAS 7 ដោយក្រុមហ៊ុន Proton នៅក្នុងប្រទេសម៉ាឡេស៊ីនេះ បានធ្វើឡើងបន្ទាប់មានការដាក់បង្ហាញរថយន្តនានា ដោយក្រុមហ៊ុន BYD ក្រុមហ៊ុនTesla និងក្រុមហ៊ុន Stellantis។

រថយន្តម៉ូដែល e.MAS 7 មានពីរប្រភេទ គឺរថយន្តប្រភេទធម្មតាដែលមានតម្លៃ ១០៩ ៨០០រីងហ្គីត (២ ៤៦៧៤ដុល្លារ) និងរថយន្តប្រភេទប្រណីតដែលមានតម្លៃ ១២៣ ០០០រីងហ្គីត។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីចង់ឱ្យរថយន្តអគ្គិសនី និងរថយន្តកូនកាត់មានចំនួនមួយភាគប្រាំ នៃការលក់រថយន្តថ្មីនៅឆ្នាំ២០៣០ ហើយនៅក្នុងឆមាសទី១ ឆ្នាំនេះ ការលក់រថយន្តអគ្គិសនីនៅម៉ាឡេស៊ីបានកើនឡើង ១១២ភាគរយ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងនៅក្នុងពិធីសម្ពោធដាក់បង្ហាញរថយន្តនេះថា លោករីករាយណាស់ដែលមើលឃើញថា រថយន្ត e.MAS 7 នឹងត្រូវបានផលិតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុនក្នុងស្រុកជាច្រើនទៀតអាចចូលរួមក្នុងការផលិតរថយន្តអគ្គិសនី៕