(ភ្នំពេញ)៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា គឺជាពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយប្រចាំថ្ងៃ២០២៤។ ក្នុងពិព័រណ៍នេះ បានតាំងបង្ហាញនូវផលិតផលចម្រុះ ទាំងផលិតផលខ្មែរ និងផលិតនាំចូល​កំពុងចរាចរណ៍នៅកម្ពុជា ​ដែលទាក់ទាញបានអ្នកចូលទស្សនា ទាំងជនជាតិខ្មែរ និងភ្ញៀវអន្តរជាតិជាច្រើន ចូលមកទស្សនាដើម្បីស្វែងយល់ពីផលិតនានា។

តាមរយៈពិព័រណ៍នេះ គឺជាឱកាសមួយដែលអ្នកផលិតនៅកម្ពុជា ផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជាពិសេសផលិតផលរបស់ សហគ្រាស និងសិប្បកម្មខ្នាតតូច ដែលបាននាំយកផលិតផលរបស់ពួកគេ មកផ្សព្វផ្សាយដល់អតិថិជនជាតិ និងអន្តរជាតិ ឱ្យបានដឹង និងស្គាល់​។ បើទោះបីជាការលក់នៅក្នុងពិព័រណ៍នេះ មិនមានចំនួនច្រើនក្តី ​ក៏ប៉ុន្តែយ៉ាងហោចណាស់ផលិតផលរបស់ពួកគេត្រូវបានស្គាល់​ ដើម្បីឈានចូលទៅកាន់ទីផ្សារផ្សេងៗ។

ជាប្រជាពលរដ្ឋមកពីខេត្តកណ្តាល អ្នកស្រី លីមហ្វាទី ម៉ាហ្វាទី គឺជាម្ចាស់សិប្បកម្ម កែច្នៃវត្ថុអនុវស្សាវរីយ៍ និងគ្រឿងអលង្ការគ្រប់ប្រភេទធ្វើស្ពាន់ និងត្បូង។ អ្នកស្រីហាក់មានភាពមមាញឹកខ្លាំងក្នុងការ ​បង្ហាញផលិតផលរបស់ខ្លួនទៅកាន់​ភ្ញៀវជាតិ និងអន្តរជាតិ ដែលដើរទស្សនាតាមស្តង់​ក្នុងពិព័រណ៍ ដោយសារតែវត្ថុកែច្នៃដោយដៃទាំងនេះ បានទាក់ចិត្តអ្នកទស្សនា។

អ្នកស្រីបានឱ្យដឹងថា អ្នកស្រីបានបង្កើតមុខរបរនេះតាំងពីឆ្នាំ២០១៨ ប៉ុន្តែហាក់មិនសូវមានគេស្គាល់ច្រើន និងលក់បានទូលំទូលាយនោះទេ ប៉ុន្តែក្រោយពីក្រសួងពាណិជ្ជកម្ម ផ្តល់ឱកាសឱ្យសិប្បកម្មអ្នកស្រី ចូលរួមក្នុងពិព័រណ៍នានាជាបន្តបន្ទាប់ ដើម្បីតាំងបង្ហាញទៅដល់ប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិឱ្យស្គាល់ពីស្នាដៃ នៃការច្នៃប្រឌិតរបស់កូនខ្មែរ​ ការលក់របស់អ្នកស្រីហាក់ប្រសើរជាងមុន និងទទួលបានការគាំទ្រច្រើន។

ចំណែកអ្នកស្រី លីម ប៉ុន្នី ម្ចាស់​​សិប្បកម្ម ធឿនស្រីនី ​មកពីខេត្តកំពង់ចាមវិញ ដែលបាននាំយកផលិតផលអាហារកែច្នៃមកតាំងបង្ហាញ បានឱ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកស្រីបានចូលការតាំងពិព័រណ៍ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។ ការរៀបចំពិព័រណ៍បែបនេះ ​ធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិ កាន់តែស្គាល់ពីផលិតផលខ្មែរ ដែលបានផលិតឡើងស្របតាមស្តង់ដារ គុណភាព។ ​តាមរយៈពិព័រណ៍នេះ បាន​ធ្វើឱ្យធុរជនមកពីប្រទេសផ្សេងដែលចូលរួមពិព័រណ៍នេះ មានចំណងចង់នាំផលិតផលទាំងនេះ ចូលទៅទីផ្សារគេផងដែរ។

ជាម្ចាស់សិប្បកម្មដែលផ្តល់ការងារដល់ជនមានពិការភាព ​ក្នុងការកែច្នៃក្រមាខ្មែរធ្វើជាវត្ថុអនុស្សាវរីយ៍ ដូចជាកាបូប សាក់កាដូ បូរចងសក់ និងដង្គាបសក់ជាដើម អ្នកស្រី ឈឿង ស្រីម៉ាច ម្ចាស់សិប្បកម្មជនពិការ មកពីខេត្តកំពង់ចាម បានលើកឡើងថា តាមរយៈការចូលរួមក្នុងពិព័រណ៍នេះ បានធ្វើឱ្យផលិតផលរបស់ជនមានពិការភាព មានឱកាសផ្សព្វផ្សាយនៅក្នុងទីផ្សារ ដើម្បីទទួលបានការគាំទ្រពីសាធារណជន ដែលរួមចំណែកដល់ការបង្កើតការងារ និងចំណូលដល់ជនពិការ។

អ្នកស្រី តាំង ប៊ុនហេង ដែលបាននាំយកផលិតផលចម្លាក់ថ្មកែវ ពីខេត្តពោធិ៍សាត់មកតាំងបង្ហាញក្នុងពិព័រណ៍នេះ បានឱ្យដឹងថា ផលិតផលចម្លាក់ថ្មកែវរបស់អ្នកស្រី ហាក់ទទួលបានការចាប់អារម្មណ៍ពីអ្នកដើរទស្សនា ដែលពួកគេពេញចិត្ត ចំពោះផលិតផលផលិតដោយដៃ។ បើទោះបីជាការលក់នៅក្នុងពិព័រណ៍នេះ មិនមានចំនួនច្រើនក្តី ​ក៏ប៉ុន្តែយ៉ាងហោចណាស់ផលិតផលរបស់អ្នកស្រីត្រូវបានគេស្គាល់ច្រើន។

ពិព័រណ៍ពាណិជ្ជកម្ម ឆ្នាំ២០២៤ CTE បានរៀបចំឡើង ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»ដែលបានរៀបចំ ចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីរេច ក្នុងបុរីងហួតបឹងស្នោ។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យសាធារណជន យល់ដឹងកាន់តែប្រសើរឡើងពីផលិតផលខ្មែរ​។ រយៈពេល៤ថ្ងៃនេះ ក្រៅពីការតាំងពិព័រណ៍ ក៏មានរៀបចំជំនួបផ្គូរផ្គងធុរកិច្ច ដែលតាមរយៈវេទិកានេះ ធុរជនទាំងជាតិ និងអន្តរជាតិ​មានឱកាសស្វែងរកដៃគូពាណិជ្ជកម្ម​ និងមានលទ្ធភាពពង្រីកទីផ្សាររបស់ខ្លួនផងដែរ។

លោកស្រីបានឱ្យដឹងផងដែរថា ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជូនក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគមន៍ សហព័ន្ធ ក្រសួង និងស្ថាប័ន ព្រមទាំងស្ថានទូតសរុបចំនួន១៤៦ ក្នុងនោះមាន២៣ជាក្រុមហ៊ុនបរទេស និងស្ថានទូត។ ស្តង់ពាណិជ្ជកម្ម ដែលបានចូលរួមសរុបចំនួន២៤៦ស្តង់ ក្នុងនោះ៤១ស្តង់ គឺជាផលិតផលនាំចូល និងសេវាកម្មមកពីបរទេស។ ទន្ទឹមគ្នានេះ មានសហគ្រិនស្រ្តី អាជីវករ ផលិតករ ពាណិជ្ជករ សេវាករ និងវិនិយោគិន ប្រមាណ៥០០នាក់ បាននាំយកផលិតផល និងសេវាកម្មមកចូលរួមតាំងបង្ហាញតាមក្រុមប្រភេទ រួមមានវត្ថុអនុស្សាវរីយ៍ សិប្បកម្ម និងគ្រឿងអល្លង្ការ ចំណីអាហារ និងភេសជ្ជៈ ផលិតកសិកម្ម និងឧស្សាហកម្ម៕