(តូក្យូ)៖ សេចក្តីព្រាងគោលនយោបាយថាមពល មូលដ្ឋានរបស់ប្រទេសជប៉ុន បានបង្ហាញថា ជប៉ុនកំណត់គោលដៅថាមពលកកើតឡើងវិញ រហូតដល់ ៥០ភាគរយនៃល្បាយថាមពលអគ្គិសនីរបស់ខ្លួន នៅត្រឹមឆ្នាំសារពើពន្ធ២០៤០ ខណៈថាមពលនុយក្លេអ៊ែរមានចំណែក ២០ភាគរយ ដោយសារប្រទេសនះមានបំណងជំរុញថាមពលស្អាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេចក្តីព្រាងគោលនយោបាយរបស់ក្រសួងឧស្សាហកម្មជប៉ុន ដែលបានបង្ហាញកាលពីថ្ងៃអង្គារស្នើឱ្យបង្កើនការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ក្នុងចន្លោះពី ៤០% ទៅ ៥០% នៃការផ្គត់ផ្គង់ថាមពលសរុប ក្នុងឆ្នាំសារពើពន្ធ២០៤០ ពោលគឺកើនឡើងប្រហែលទ្វេដងពី ២២,៩% ក្នុងឆ្នាំសារពើពន្ធ២០២៣ និងខ្ពស់ជាងគោលដៅឆ្នាំ២០៣០ ដែលមានចន្លោះ ៣៦ ទៅ ៣៨%។

គោលដៅថាមពលនុយក្លេអ៊ែរឆ្នាំ២០៤០ របស់ប្រទេសជប៉ុនមានកម្រិតស្របតាមគោលដៅឆ្នាំ២០៣០ ដែលមានចន្លោះពី ២០ ទៅ ២២% ទោះបីជាឧស្សាហកម្មនេះ ប្រឈមនឹងបញ្ហាបន្ទាប់ពីមានគ្រោះមហន្តរាយរោងចក្រនុយក្លែអ៊ែរនៅហ្វ៊ូគុស៊ីម៉ា ឆ្នាំ២០១១ ក៏ដោយ។ ថាមពលនុយក្លេអ៊ែរមានចំណែក ៨,៥% នៃការផ្គត់ផ្គង់ថាមពលសរុបរបស់ប្រទេសជប៉ុនក្នុងឆ្នាំ២០២៣ ។

ផែនការថាមពលថ្មីនេះលុបចោលគោលដៅកន្លងមក «ដែលកាត់បន្ថយការពឹងផ្អែកលើថាមពលនុយក្លេអ៊ែរតាមដែលអាចធ្វើទៅបាន» និងរួមបញ្ចូលទាំងផែនការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ក្រោយ ប្រកបដោយភាពច្នៃប្រឌិតនៅទីតាំងថាមពលនុយក្លេអ៊ែរ ដែលជាកម្មសិទ្ធិរបស់ប្រតិបត្តិករ ដែលបានសម្រេចចិត្តឈប់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រចាស់។

ការប្រើប្រាស់ថាមពលកំដៅ ជាពិសេសពីរោងចក្រថាមពលធ្យូងថ្ម ដែលមិនមានប្រសិទ្ធភាពអាចនឹងថយចុះមកនៅចន្លោះពី ៣០ ទៅ ៤០% នៅឆ្នាំ២០៤០ ពោលគឺធ្លាក់ចុះពី ៦៨,៦% នៅឆ្នាំ២០២៣។ សេចក្តីព្រាងគោលនយោបាយថាមពលនេះ មិនបានបញ្ជាក់ពីព័ត៌មានអំពីការប្រើប្រាស់ថាមពលធ្យូងថ្ម ឧស្ម័ន និងប្រេង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕