(ព្រះសីហនុ)៖ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, ប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះពិនិត្យគម្រោង ដែលបានទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្រោមវិសាលភាពកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ នៅទីតាំងចំនួន ៣រួមមាន៖
ទី១៖ គម្រោងសណ្ឋាគារផ្កាយ ៥ និង អគារពាណិជ្ជកម្ម (Peninsula Integrated Resort) របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ
ទី២៖ គម្រោង រោងចក្រផលិតដែករបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ
និងទី៣៖ គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងបន្ទះសូឡា និង គ្រឿងបង្គុំ របស់ ក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) CO., LTD ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
គម្រោងទាំង៣ ខាងលើ ជាគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងឧស្សាហកម្ម ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ១ ០៤០ លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៥ ៧៥៥ កន្លែង និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
ការចុះពិនិត្យគម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយនេះ មានគោលបំណងតាមដាន និងជំរុញការអនុវត្តគម្រោង និង ស្តាប់ពីវឌ្ឍនភាពអនុវត្តគម្រោង សំណូមពរ និង បញ្ហាប្រឈមនានាពីវិនិយោគិនដោយផ្ទាល់។
ការចុះពិនិត្យនេះ គឺជាភារកិច្ចដែលក្រុមការងារត្រូវបំពេញ និង កំពុងបន្តអនុវត្តជាប់ជាប្រចាំជាពិសេស ការបំពេញភារកិច្ចក្នុងការផ្តល់សេវាថែទាំវិនិយោគ ស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការស្វែងយល់បញ្ហាប្រឈមរបស់វិនិយោគិន គឺជាភារកិច្ចសំខាន់របស់ក្រុមការងារ ដើម្បីស្វែងរកដំណោះស្រាយ និង ការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និង បង្កើតបរិយាកាសវិនិយោគល្អប្រសើរ។
ក្រុមការងារបាន និង កំពុងអនុវត្តភារកិច្ចនេះ ដោយមានការចូលរួមពីក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ដែលតែងផ្តល់អាទិភាពខ្ពស់លើការងារ។
ជាមួយនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនផ្តល់កិច្ចសហការក្នុងការផ្តល់ព័ត៌មាន មតិ ឬ សំណូមពរផ្សេងៗ តាមការជាក់ស្តែង ដើម្បីក្រុមការងារស្វែងយល់ និង ស្វែងរកដំណោះស្រាយ និង ការសម្របសម្រួលផ្សេងៗ៕