(សៀងហៃ)៖ ទិន្នន័យផ្លូវការដែលតាមដានការទូទាត់ឆ្លងព្រំដែនបានបង្ហាញថា លំហូរចេញមូលធនពីទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺចំនួន ៤៥,៧ពាន់លានដុល្លារនៅក្នុងខែវិច្ឆិកា ខណៈដែលការឈ្នះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យប៉ះពាល់ដល់លំហូរផលប័ត្រវិនិយោគសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលប្តូរប្រាក់បរទេសចិន (SAFE) ដែលជានិយតករប្តូរប្រាក់បរទេសរបស់ប្រទេសចិនថា ប្រាក់ចំណូលឆ្លងព្រំដែនពីការវិនិយោគផលប័ត្រនានាមានចំនួន ១៨៨,៩ពាន់លានដុល្លារ ខណៈដែលការទូទាត់សរុបមានចំនួន ២៣៤,៦ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពប្រចាំខែច្រើនធំបំផុតមិនធ្លាប់មាន។
ការចេញផ្សាយទិន្នន័យនេះបានធ្វើឡើងនៅពេលដែលការឡើងថ្លៃផ្សារភាគហ៊ុនដែលជំរុញដោយគោលនយោបាយរបស់ប្រទេសចិនដែលបានចាប់ផ្តើមនៅចុងខែកញ្ញាកំពុងបាត់បង់សន្ទុះ ខណៈដែលប្រាក់យន់បានធ្លាក់ចុះថ្លៃធៀបនឹងប្រាក់ដុល្លារក្នុងគ្រានមានការគំរាមកំហែងដកហូតពន្ធគយពីលោក ត្រាំ។
ឱនភាពលំហូរមូលធនដ៏ធំនេះដែលបានកើនឡើងពីចំនួន ២៥,៨ពាន់លានដុល្លារក្នុងខែតុលា ក៏ឆ្លុះបញ្ចាំងពីការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិនផងដែរ ទោះបីជាទីក្រុងប៉េកាំងបានដាក់ចេញគោលនយោបាយមួយចំនួនកាលពីចុងខែកញ្ញា ដើម្បីជំរុញសេដ្ឋកិច្ចដែលជាប់គាំងក្នុងវិបត្តិអចលនទ្រព្យ ការប្រើប្រាស់ខ្សោយ និងបរិត្តផរណាជាបន្តក៏ដោយ។
ក្រុមហ៊ុនហិរញ្ញវត្ថុ BNP Paribas បានឱ្យដឹងនៅក្នុងកំណត់ត្រាមួយដែលផ្ញើជូណអតិថិជនថា៖ «ថាតើសន្ទុះនៃការស្ទុះងើបឡើងវិញអាចរក្សាបាននិរន្តរភាពនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ឬយ៉ាងណានោះ អាស្រ័យលើល្បឿន និងទំហំនៃការអនុវត្តវិធានការជំរុញដែលបានដាក់ចេញនៅ ឯ សិន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម (CEWC) ក៏ដូចជាពេលវេលាដែលត្រូវដកហូតពន្ធគយរបស់អាមេរិកដែលអាចកើតមានឡើងផងដែរ»។
ក្នុងអំឡុងសន្និសីទការងារសេដ្ឋកិច្ច មជ្ឈិម (CEWC) កាលពីសប្តាហ៍មុន មេដឹកនាំចិនបានសន្យាថានឹងបង្កើនទំហំឱនភាពថវិកា បោះផ្សាយបំណុលបន្ថែម ទៀត និងបន្ធូរបន្ថយគោល នយោបាយរូបិយវត្ថុ។
ទិន្នន័យផលប័ត្រវិនិយោគដែលចេញផ្សាយដោយ រដ្ឋបាល SAFE នេះត្រូវបានចេញផ្សាយ បន្ទាប់ពីអាជ្ញាធរចិនចេញផ្សាយស្ថិតិមូលធនផ្សេងទៀតដែលបង្ហាញពីនិន្នាការស្រដៀងគ្នានេះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕