(ភ្នំពេញ)៖ ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុង កុលកាតា-សៀមរាប-កុលកាតា (Kolkata - Siem Reap- Kolkata) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយប្រើយន្តហោះប្រភេទ A320 ៣ជើង/សប្តាហ៍ (ចន្ទ-ពុធ-សុក្រ)។
លោកថា ដំបូងឡើយក្រុមហ៊ុន IndiGo គ្រោងភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤ នេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការភ្ជាប់ជើងហោះហើរ ត្រូវបានពន្យារពេលរហូតដល់ដើមឆ្នាំ២០២៥វិញ។
កន្លងមករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានផ្តល់ការអនុញ្ញាតលើផ្នែកពាក់ព័ន្ធនានា ដល់ក្រុមហ៊ុនអាកាសចរណ៍ IndiGo រួចស្រេចហើយរង់ចាំតែការហោះហើរ ជាក់ស្តែងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
លោកបន្ថែមថា «ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាល នៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍ វប្បធម៌ និងសាសនា»។
សូមរំលឹកផងដែរថា កាលពីខែមិថុនា ២០២៤ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Angkor Air បានចាប់ផ្តើម បើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ជើងក្នុងមួយសប្តាហ៍។ តែយ៉ាងនេះក្តី ដោយសារកត្តាស្ថានភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល ទីផ្សារហោះហើររវាងកម្ពុជា និងឥណ្ឌា ហាក់មិនទាន់ល្អប្រសើរនោះទេ ខណៈជើងហោះហើរប្រចាំសប្តាហ៍ក៏មានការប្រែប្រួលផងដែរ ដោយសប្តាហ៍ខ្លះមានការហោះហើរ៤ជើង ខ្លះចុះមក៣ជើង និង២ជើង។
ទោះយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន Air Cambodia/អាកាសចរណ៍ជាតិកម្ពុជា (Cambodia Angkor Air/កម្ពុជាអង្គរអ៊ែរ) នៅតែខិតខំជំរុញ និងផ្សព្វផ្សាយទីផ្សារនេះប្រកបដោយពិពិធកម្ម ឱ្យបានកាន់តែប្រសើរឡើង។
ក្រុមហ៊ុន Air Cambodia ដែលជាអាកាសចរណ៍ជាតិកម្ពុជា មានផែនការក្នុងការដាក់បញ្ចូលនៃយន្ដហោះប្រភេទ ATR72-600 ក្នុងឆ្នាំ២០២៥ ចំនួន៣គ្រឿង ដើម្បីពង្រឹង និងពង្រីកកែលម្អទីផ្សារក្នុងស្រុក ក៏ដូចជាធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូនអ្នកដំណើរ នៅក្នុងប្រទេសកម្ពុជា និងសេវាដឹកអ្នកដំណើរ នៅក្នុងប្រទេសជិតខាង។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាស ទេសចរណ៍ជាតិ និងបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ។
ក្រុមហ៊ុនបានបន្តពង្រីកការហោះហើរ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ ហាណូយ ហូជីមិញ ដាណាំង សៀងហៃ ក្វាងចូវ ហៃគូ ចិនចូវ និងវៀងចន្ទន៍ ហើយនឹងគ្រោងហោះហើរជប៉ុន និងគោលដៅជាច្រើនផ្សេងទៀតនាពេលឆាប់ៗខាងមុខ៕