(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ​ឆ្នាំ២០២៤នេះ ​ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណ ជាង៥៩ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារអាមេរិក ពីការបង់កម្រៃសេវាសាធារណៈរបស់ក្រសួង ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យ​ជាដើម ដែលស្មើនឹង១១២.៥៩% ធៀបនឹងច្បាប់ថវិកាជាតិ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។

តាមរបាយការណ៍នេះបានបញ្ជាក់ថា ចំណូលទាំងនោះបានមកពីផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាចំនួនជាង ៥៤ពាន់លានរៀល, ចំណូលបានមកពីការផាកពិន័យ និងការដាក់ទណ្ឌកម្មប្រមាណ៥ពាន់លានរៀល ផលហិរញ្ញវត្ថុ ១៣លានរៀល និងបានពីផលផ្សេងៗ ជាង១លានរៀល។

យ៉ាងនេះក្តីក្នុងរយៈពេល១១ខែនេះ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាប្រមាណជាង ៩៣ពាន់លានរៀល ឬប្រមាណជាង ២៣លានដុល្លារអាមេរិក ស្មើនឹង៨៦.២៣% ធៀបនឹងច្បាប់ថវិកាជាតិ ដែលបានចំណាយទៅលើការទិញ សេវាកម្ម ពន្ធនិងអាករ បន្ទុកបុគ្គលិក និងការឧបត្ថម្ភធនផ្សេងៗ៕