(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនបង្កើតថ្មីជិត ១ម៉ឺនក្រុមហ៊ុន ធ្លាក់ចុះ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមាន ១១ ៥០៦ក្រុមហ៊ុន។

បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការចុះបញ្ជីពាណិជ្ជកម្ម សម្រេចបានចំនួន៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន-១៧,១៧% ក្នុងនោះ ក្រុមហ៊ុនមូលធនចំនួន ៤ ៧២៥ កើនឡើង៨%, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ -១៦,៩២%, សហគ្រាសឯកបុគ្គលចំនួន៤៧៥០ ថយចុះ -៣២,៧៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន១។

ក្រៅពីការចុះបញ្ជីក្រុមហ៊ុនថ្មីហើយនោះ នៅរយៈពេល១១ខែមកនេះ ក្រសួងពាណិជ្ជកម្ម ក៏បានលុបឈ្មោះក្រុមហ៊ុ​នចំនួន ១២៨៤ក្រុមហ៊ុន ចេញពីបញ្ជីពាណិជ្ជកម្មផងដែរ​ ក្នុងនោះមានក្រុមហ៊ុនមូលធនចំនួន ១០៦២, ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ៣១ក្រុមហ៊ុន និងសហគ្រាសឯកបុគ្គល ១៩១៕