(ប៉េកាំង)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះនៅក្នុងការជួញដូរវគ្គដំបូងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានផ្តល់សញ្ញាថា ខ្លួននឹងបន្ថយល្បឿននៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៥ ដែលអាចមានផលប៉ះពាល់ដល់តម្រូវការប្រេងឥន្ធនៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent នៅក្នុងកិច្ចសន្យាសម្រាប់ចែកចាយនាពេលអនាគតបានធ្លាក់ចុះ ៣៣សេន ឬ ០,៤៥ភាគរយមកនៅត្រឹម ៧៣,០៦ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃព្រហស្បតិ៍។ ប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ ៣៦សេន ឬ ០,៥១ភាគរយមកនៅត្រឹម ៧០,២២ដុល្លារក្នុងមួយបារ៉ែល។
ការធ្លាក់ចុះថ្លៃនេះបានកើតមានឡើងបន្ទាប់ពីឡើងថ្លៃក្នុងការជួញដូរកាលពីថ្ងៃពុធដោយសារស្តុកប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ ហើយធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ចំនួន ២៥ពិន្ទុមូលដ្ឋានដូចការរំពឹងទុក។
ក្នុងអំឡុងពេលកិច្ចប្រជុំគោលនយោបាយថ្ងៃទី១៧ និង ១៨ខែធ្នូ ក្រុមមន្ត្រីធនាគារកណ្តាលបានព្យាករថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់ត្រឹមតែ ៥០ពិន្ទុមូលដ្ឋានប៉ុណ្ណោះនៅក្នុងឆ្នាំខាងមុខ ដោយសារអតិផរណាខ្ពស់រ៉ាំរ៉ៃ៕