(ហ្ស៊ូរិច)៖ ក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ (FSB) ដែលបង្កើតឡើងដោយក្រុមប្រទេស G20 ដើម្បីឃ្លាំមើលស្ថានភាពហិរញ្ញវត្ថុកាលពីថ្ងៃពុធបានដាក់ចេញអនុសាសន៍សម្រាប់រដ្ឋាភិបាលនានាដើម្បីកាត់បន្ថយហានិភ័យដែលកើតចេញពីមូលនិធិការពារហានិភ័យ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនអន្តរការីហិរញ្ញវត្ថុមិនមែនធនាគារផ្សេងទៀត ដែលឥឡូវនេះមានចំនួនស្ទើរតែពាក់កណ្តាលនៃទ្រព្យសកម្មហិរញ្ញវត្ថុសកល។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ពិគ្រោះយោបល់មួយដែលចេញផ្សាយដោយក្រុមប្រឹក្សា FSB ថា វិស័យអន្តរការីហិរញ្ញវត្ថុមិនមែនធនាគារបានកើនឡើងប្រហែល ១៣០ភាគរយនៅចន្លោះពីឆ្នាំ២០០៩ ដល់២០២៣ ដែលធ្វើឱ្យទីផ្សារកាន់តែងាយរងគ្រោះទៅនឹងព្រឹត្តិការណ៍ស្ត្រេស។
លោក John Schindler អគ្គលេខាធិការក្រុមប្រឹក្សា FSB បានមានប្រសាសន៍ថា៖ «កំណើននេះកើតមានឡើងជាមួយនឹងការកើនឡើងភាពស្មុគស្មាញ និងទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលប្រសិនបើមិនមានការគ្រប់គ្រងបានត្រឹមត្រូវទេ វាអាចបង្កហានិភ័យយ៉ាងច្រើនដល់ស្ថិរភាពហិរញ្ញវត្ថុ»។
នៅក្នុងរបាយការណ៍ពិគ្រោះយោបល់របស់ខ្លួន ក្រុមប្រឹក្សា FSB បានស្នើឱ្យរដ្ឋាភិបាលនៃប្រទេសជាសមាជិក និងស្ថាប័ននានាបង្កើនការយកចិត្តទុកដាក់របស់ពួកគេលើគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ និងធានាថា ពួកគេគ្រប់គ្រងហានិភ័យឥណទានរបស់ខ្លួនឱ្យបានគ្រប់គ្រាន់។
អនុសាសន៍មួយចំនួនបានអំពាវនាវឱ្យបង្កើតក្របខ័ណ្ឌក្នុងស្រុកដើម្បីកំណត់ និងតាមដានហានិភ័យស្ថិរភាពហិរញ្ញវត្ថុទាក់ទងនឹងការប្រើប្រាស់កម្ចីមិនមែនធនាគារ។ ក៏មានការផ្តល់អនុសាសន៍ឱ្យធ្វើការគ្រប់គ្រងហានិភ័យឥណទានភាគីពាក់ព័ន្ធដោយអំពាវនាវឱ្យមានការអនុវត្តឱ្យបានទាន់ពេលវេលា និងហ្មត់ចត់នូវគោលការណ៍ណែនាំរបស់គណៈកម្មាធិការត្រួតពិនិត្យធនាគារក្រុងបាសែល។
អនុសាសន៍ផ្សេងទៀតស្នើឡើងថា រដ្ឋាភិបាលត្រូវបង្កើតវិធានការគោលនយោបាយដើម្បីកាត់បន្ថយហានិភ័យស្ថិរភាពហិរញ្ញវត្ថុដែលបានកំណត់រកឃើញ។ អនុសាសន៍ចុងក្រោយទាមទារឱ្យមានការកែលម្អកិច្ចសហប្រតិបត្តិការនិងការសហការឆ្លងព្រំដែន។
ក្រុមប្រឹក្សា FSB ក៏បានស្នើឱ្យបង្កើនការអនុវត្តការបង្ហាញព័ត៌មានឯកជននៅក្នុងវិស័យមិនមែនធនាគារ និងដោះស្រាយភាពមិនស៊ីសង្វាក់គ្នាផ្នែកបទប្បញ្ញត្តិដោយប្រកាន់យកគោលការណ៍ «ហានិភ័យដូចគ្នា ការប្រព្រឹត្តផ្នែកបទប្បញ្ញត្តិដូចគ្នា»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕