(ភ្នំពេញ)៖ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់កិច្ចស្វាគមន៍ជើងហោះហើរ ឆាតទើរ (Charter/ជើងហោះហើរជួល) ក្នុងកម្មវិធីហោះហើរសាកល្បង ក្នុងស្រុកជំហានដំបូង (ជាលក្ខណៈសាមញ្ញសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរជួល ឆាតទើរ ក្នុងស្រុកដំបូងតែប៉ុណ្ណោះ)។ សូមបញ្ជាក់ថា នេះ «មិនមែនជាការបើកសម្ពោធអាកាសយានដ្ឋានតារាសាគរ» ទេ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ីន ចានសិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

អាកាសយានដ្ឋានតារាសាគរ មានគម្រោងនឹងបើកជើងហោះ ឆាតទើរ ក្នុងស្រុក (Domestic Charter Flight) ពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាមុខ។ នៅពេលដែលមានតម្រូវការទីផ្សារហោះហើរ ឆាតទើរ អន្តរជាតិ ទើបអាកាសយានដ្ឋានតារាសាគរនឹងឈានទៅបើកជើងហោះហើរ ឆាតទើរ ជាលក្ខណៈ អន្តរជាតិ (International Charter Flight) បន្ថែមទៀត។

អាកាសយានដ្ឋានដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុង បើតាមការអះអាងរបស់ក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិករ (ក្រុមហ៊ុនខូសថល អ៊ែរផត អ៊ិន វេសមិន (CAI)) អាកាសយានដ្ឋានតារាសាគរនេះ គ្រោងនឹងចាប់ផ្តើមស្វាគមន៍ជើងហោះហើរជួល ឆាតទើរ ​(Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) សាកល្បងក្នុងស្រុក ក្នុងជំហានដំបូងរបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង (តារាសាគរ) ដែលជាការចាប់ផ្តើម នៃការធ្វើដំណើរតាមផ្លូវអាកាសដំបូង នៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្មនៃខេត្តកោះកុង ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។

លោក ស៊ីន ចានសិរីវុត្ថា បានថ្លែងថា «បើគ្មានអ្វីប្រែប្រួលទេនោះអាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់សម្រាប់ការស្វាគមន៍ការជើងហោះហើរជួល «ឆាតទើរ» (ឆាតទើរ គឺជាជើងហោះហើរជួលក្រៅ កម្មវិធីហោះហើរ) ក្នុងស្រុកជំហានដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីជំនាញ ថ្នាក់ដឹកនាំ-មន្ត្រីក្រុមហ៊ុន ថ្នាក់ដឹកនាំ-មន្ត្រីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធប្រមាណ១៥០នាក់»

សូមជម្រាបថា អាកាសយានដ្ឋានតារាសាគរ ដំណាក់កាលទី១ អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ (ពីរយលានដុល្លារ)។

យោងតាមផែនការមេ ស្តីពីការអភិវឌ្ឍន៍អាកាសយានដ្ឋានតារាសាគររយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោន ក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕