(ភ្នំពេញ)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានលើកឡើងថា សម្រាប់ខេត្តសៀមរាប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរ ទោះបីជាមានភ្ញៀវកើនឡើងខ្ពស់ក៏ដោយ។

ការលើកឡើងរបស់លោក លី សែ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «អនាគត​នៃ​កំណើនវិស័យ​ទេសចរណ៍​កម្ពុជា ​នៅ​តំបន់អង្គរ»

លោក លី សែ បានថ្លែងថា «ប្រសិនបើភ្ញៀវឡើងគំហុកភ្លាម លទ្ធភាពសណ្ឋាគារ ភោជនីយដ្ឋាន មានលទ្ធភាពក្នុងការគ្រប់គ្រងបាន ដូច្នេះមិនមានក្ដីបារម្ភណាមួយឡើយ ប្រសិនបើភ្ញៀវកើនឡើងច្រើននោះ ប៉ុន្ដែអ្វីដែលជាការបារម្ភ គឺធ្វើយ៉ាងណាឲ្យភ្ញៀវមកកាន់តែច្រើនមកវិញ»

លោកបានបន្ដថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានរៀបចំធ្វើយ៉ាងណា ក្នុងការទាញភ្ញៀវទេសចរ តាមរយៈក្រុមហ៊ុនឯកជន រួមគ្នាជាមួយរដ្ឋ​ដើម្បីកៀរគរភ្ញៀវទេសចរ។

លោកបានបញ្ជាក់ថា ចំពោះការទាញភ្ញៀវទេសចរ អ្នកដែលត្រូវធ្វើ គឺវិស័យឯកជន ត្រូវរួមគ្នាផ្សព្វផ្សាយ រដ្ឋក៏ផ្សព្វផ្សាយ ផ្សព្វផ្សាយឲ្យចំ និងរង់ចាំមើលលទ្ធផលថា បន្ទាប់ពីការផ្សព្វផ្សាយនេះទៅ​ តើយើងនឹងទទួលបានលទ្ធផលបែបណា៕