(ភ្នំពេញ)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ខេត្ដសៀមរា​ប នឹងទទួលបានភ្ញៀវទេសចរ ដែលមកលេងកំសាន្ដ មានការកើនឡើងចន្លោះពី២៥ភាគរយ ទៅ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លី សែ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគត​នៃ​កំណើនវិស័យ​ទេសចរណ៍​កម្ពុជា ​នៅ​តំបន់អង្គរ» ក្នុងកម្មវិធី FRESH BUSINESS។

លោក លី សែ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងវាយតម្លៃមើលថា សម្រាប់ឆ្នាំ២០២៥ កំណើនភ្ញៀវទេសចរ អាចក្នុងចន្លោះ២៥ទៅ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលក្នុងឆ្នាំនេះ រំពឹងទទួលបានភ្ញៀវទេសចរ ១លាន២ម៉ឺននាក់ ដែលឆ្នាំក្រោយ អាចទទួលបានភ្ញៀវទេសចរ ក្នុងរង្វង់១.៣សែននាក់»

ទន្ទឹមគ្នានេះ អគ្គនាយកគ្រឹះស្ថានអង្គរ បានលើកឡើងថា គ្រឹះស្ថានអង្គរ ក៏ដូចជារាជរដ្ឋាភិបាល ជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំផ្ទាល់ ជាមួយក្រសួងទេសចរណ៍ នឹងរៀបចំយុទ្ធសាស្ដ្រផ្សព្វផ្សាយ ក្នុងការទាក់ទាញភ្ញៀវទេសចរ ឲ្យបានកាន់តែច្រើន។

សូមជម្រាបថា រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។

នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក លី សែ៖