(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា​គ្រោងប្រមូលចំណូលចូលថវិកាថ្នាក់ជាតិ សម្រាប់ការប្រើប្រាស់លើការចំណាយផ្សេងៗឱ្យបាន ២៩ ០៤៥ ៨៦៣លានរៀល ឬស្មើនឹងប្រមាណ ៧.២ពាន់​លានដុល្លារអាមេរិក​ ខណៈរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាថ្នាក់ជាតិប្រមាណ ៣៥ ៣៩៨ ១៧៥ លានរៀល ឬប្រមាណ ៨.៨ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែល​ព្រះមហាក្សត្រនៃកម្ពុជា បានឡាយព្រះហស្តលេខា​ ប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ​។

តាមរយៈច្បាប់នេះ រាជរដ្ឋាភិបាលបានកំណត់ការប្រមូលពីចំណូលសារពើពន្ធចំនួន ២៤ ១៩៩ ៣៧១លានរៀល ឬស្មើនឹងប្រហែល ៦ពាន់លានដុល្លារ, ចំណូលមិនមែនសារពើពន្ធ ចំនួន ៣ ៦៧០ ០៣២លានរៀល ឬស្មើនឹងប្រហែល ៩០០លានដុល្លារ និងចំណូលផ្សេងៗ ចំនួន ១ ១៧៦ ៤៦០លានរៀល ស្មើនឹងប្រហែលជិត៣០០លានដុល្លារ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបាន​ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលគ្រោងប្រមូលចំណូល​ប្រមាណ ៧.២ពាន់​លានដុល្លារអាមេរិក និងចំណាយប្រមាណ ៨.៨ ពាន់លានដុល្លារអាមេរិក ត្រូវបានរៀបចំឡើងសមស្របទៅតាមលទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជា ខណៈរដ្ឋាភិបាលក៏បានថ្លឹងថ្លែងបានច្បាស់លាស់ អំពីការចំណាយ និងចំណូលដែលត្រូវប្រមូល។

លោកបន្ថែមថា ចំពោះការប្រមូលចំណូល រដ្ឋាភិបាលក៏បានកំណត់ច្បាស់លាស់ ពីប្រភពចំណូលរបស់ខ្លួន ដែល​ប្រភពចំណូលពីរសំខាន់ គឺចំណូលសារពើពន្ធ (ពន្ធគយ និងពន្ធដារ) និងចំណូលមិនមែនសារពើពន្ធ ដែលប្រភពចំណូលទាំងនេះ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។

លោកពន្យល់ថា «​ឆ្នាំ២០២៥ ​ខ្ញុំយល់ឃើញថា រាជរដ្ឋាភិបាលនឹងគិតគូរបន្ថែមទៀត ទៅដល់ការគិតគូរចំណូលពន្ធមួយចំនួនថែមទៀត ដែលអាចនឹងប្រមូលពន្ធបន្ថែមទៀតពីអាជីវកម្មផ្សេងៗ ដែលរាជរដ្ឋាភិបាលបានជំរុញ និងលើកស្ទួយជាពិសេសលើឧស្សាហកម្មទេសចរណ៍ និងទៅលើអាជីវកម្មរបស់សហគ្រាសធុនតូចមួយចំនួន ដែលបានគិតគូរ។ និងទី២ វិស័យអចលនទ្រព្យ​ ដែលជាប្រភពចំណូលមួយដែរ។ ខ្ញុំគិតថា អាចនឹងប្រមូលបានច្រើន ដោយសារឆ្នាំ២០២៥នេះ សេដ្ឋកិច្ចអាចនឹងឡើងបន្តិចទៀត និងការរីកចម្រើននៃវិស័យទេសចរណ៍សាកលលោក ដែលអាចជះឥទ្ធិពលដល់កម្ពុជា នឹងការនាំចេញរបស់កម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលជំរុញឱ្យការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានល្អប្រសើរផងដែរ»។

តែយ៉ាងនេះក្តី លោកលើកឡើថា ការប្រមូលចំណូលពីពន្ធ ក៏អាចនឹងមានការប៉ះពាល់ខ្លះដែរ ដោយសារតែរាជរដ្ឋាភិបាលបន្តផ្តល់អនុភាពគ្រោះមិនយកពន្ធសម្រាប់វិស័យមួយចំនួន ដូចជាវិស័យអប់រំជាដើម។ ចំណែកការប្រមូលចំណូលមិនមែនសារពើពន្ធ ដែលប្រមូលពីអាជីវកម្មរ៉ែមាស​ ដែក ថ្ម ខ្សាច់ រួមនឹងធនធានជលផល​ ក៏ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ជំរុញកំណើនថវិកាជាតិផងដែរ​៕