(បរទេស)៖ ក្រុមប្រទេសមានឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ ឬហៅថា G-7 កំពុងរិះរកវិធីរឹងបន្តឹងការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីបន្ថែមទៀត ខណៈដែលពួកគេព្យាយាមដាក់ចេញទិសដៅប្រសើរជាងនេះទៅលើលទ្ធភាពរបស់ទីក្រុងម៉ូស្គូក្នុងការផ្តល់មូលនិធិដល់ការធ្វើសង្គ្រាមប្រឆាំងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីកិច្ចការនេះថា ជម្រើសដែលស្ថិតក្នុងការពិចារណានានារួមមានទាំងដាក់ចេញយន្តការថ្មីជំនួសយន្តការចាស់ជាមួយនឹងការហាមឃាត់ពេញលេញលើប្រេងឆៅរបស់រុស្ស៊ី និងការទម្លាក់កម្រិតកំណត់តម្លៃពី ៦០ដុល្លារក្នុងមួយបារ៉ែលក្នុងពេលបច្ចុប្បន្នមកនៅត្រឹមប្រហែល ៤០ដុល្លារ។ ប្រភពដែលស្នើសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារជាកិច្ចពិភាក្សារសើបនោះ បានរំឭកថា ការពិភាក្សាកំពុងបន្ត ហើយមិនទាន់មានការឯកភាពគ្នានៅឡើយទេទៅលើជំហានបន្ទាប់។
ស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ននៃយន្តការកម្រិតតម្លៃប្រេងឆៅរបស់រុស្ស៊ី ប្រតិបត្តិកររបស់ប្រទេសលោកខាងលិចអាចធានានិងដឹកជញ្ជូនប្រេងរុស្ស៊ីបានលុះត្រាតែប្រេងឆៅទាំងនោះត្រូវបានទិញក្រោមតម្លៃកម្រិតកំណត់នេះ។ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបក៏បានដាក់ចេញការហាមឃាត់លើការនាំចូលភាគច្រើនដែលធ្វើឡើងប៉ុន្មានខែបន្ទាប់ពីការឈ្លានពានក្នុងទ្រង់ទ្រាយពេញលេញរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
កត្តានោះត្រូវបានគេមើលឃើញថា ទីក្រុងមូស្គូបានងាកទៅរកក្រុមកប៉ាល់ដឹកប្រេងសម្ងាត់ ដែលជារឿយៗប្រតិបត្តិការជាមួយក្រុមហ៊ុនធានារ៉ាប់រងឬម្ចាស់មិនស្គាល់អត្តសញ្ញាណ ដើម្បីដឹកប្រេងឆៅរបស់ខ្លួនទៅកាន់ទីផ្សារថ្មីជាពិសេសនៅទីផ្សារនៅអាស៊ី។ ក្រុមនាវាដឹកប្រេងសម្ងាត់នេះបានជួយរុស្ស៊ីគេចវេសពីវិធានការរឹតបន្តឹងរបស់ប្រទេសលោកខាងលិច ដោយលក់ប្រេងឆៅក្នុងតម្លៃខ្ពស់ជាងកម្រិតកំណត់សម្រាប់រយៈពេលភាគច្រើនក្នុងឆ្នាំនេះ។
ជាការឆ្លើយតប ក្រុមប្រទេស G-7 បានដាក់ទណ្ឌកម្មលើក្រុមនាវាដឹកជញ្ជូននិងអង្គភាពជាច្រើនដែលពាក់ព័ន្ធនឹងការជួញដូរសម្ងាត់ទាំងនេះ។ ប្រទេសមួយចំនួននៅអឺរ៉ុបខាងជើងក៏កំពុងបង្កើនការត្រួតពិនិត្យការធានារ៉ាប់រងលើការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីផងដែរ។
កម្រិតកំណត់តម្លៃលើប្រេងឆៅរបស់រុស្ស៊ីដែលកំពុងនៅជាធរមានត្រូវបានបង្កើតឡើងដើម្បីដាក់កម្រិតប្រាក់ចំណូលដែលរុស្ស៊ីរកបានពីការលក់ប្រេងរបស់ខ្លួន ខណៈដែលរក្សាតម្លៃប្រេងពិភពលោកមិនឱ្យឡើងថ្លៃ។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍កន្លងមកថា ជាមួយនឹងការធ្លាក់ចុះតម្លៃប្រេងក្នុងគ្រាដែលមានការព្យាករថានឹងមានអតិរេកប្រេងសកលនៅឆ្នាំ២០២៥ ខាងមុខ ក្រុមសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ុយក្រែនបានបើកចំហរឱ្យមានការជជែកអំពីការចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀត។
ប្រភពដដែលបាននិយាយទៀតថា នៅពេលដែលពួកគេថ្លឹងថ្លែងជម្រើសនានាដែលអាចធ្វើទៅបាននោះ ក្រុមប្រទេស G-7 កំពុងពិនិត្យមើលតុល្យភាពនៃផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមានពីវិធានការដែលអាចដាក់ចេញណាមួយជាមួយនឹងបញ្ហាផ្សេងទៀតដូចជាសុវត្ថិភាពដែនសមុទ្រជាដើម ដោយអ្នកខ្លះបានលើកឡើងថា ពាណិជ្ជកម្មអាចទទួលបានអត្ថប្រយោជន៍ពីទីក្រុងម៉ូស្គូដោយប្រើប្រតិបត្តិករដែលអាចទុកចិត្តបានជាងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។