(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ធនាគាររបស់ប្រទេសចិននៅក្នុងទីក្រុងមួយចំនួនបានបោះជំហានមិនធម្មតាមួយដោយបានដំឡើងអត្រាការប្រាក់កម្ចីទិញផ្ទះ។ ការណ៍នេះបានបង្ហាញពីការព្រួយបារម្ភពីការធ្លាក់ចុះប្រាក់ចំណេញរបស់ធនាគារទាំងនោះក្នុងគ្រាដែលការស្ទុះងើបសេដ្ឋកិច្ចឡើងវិញកំពុងបាត់បង់សន្ទុះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារពាណិជ្ជនៅក្នុងទីក្រុងមួយចំនួនដូចជាទីក្រុងក្វាងចូវ ឈីងដាវ និងណានជីង បានដំឡើងអត្រាការប្រាក់កម្ចីទិញផ្ទះទីមួយចំនួន ៥ពិន្ទុមូលដ្ឋានដែលធ្វើឱ្យអត្រាការប្រាក់សរុបកើនឡើងដល់កម្រិតខ្ពស់ ៣,១ភាគរយ។ បើគិតតាំងពីខែវិច្ឆិកាមក ការដំឡើងអត្រាការប្រាក់សរុបមានចំនួន ២០ពិន្ទុមូលដ្ឋានឬស្មើនឹង ០,២ភាគរយ។
ការដំឡើងអត្រាការប្រាក់នេះបង្ហាញពីការកើនឡើងសម្ពាធលើធនាគារចិន ដែលត្រូវបានជំរុញឱ្យកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីជំរុញការទិញផ្ទះ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានរងគ្រោះដោយវិបត្តិបំណុល។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យផ្លូវការថា គម្លាតអត្រាការប្រាក់សុទ្ធ (Net interest margins) នៅធនាគារ ដែលជារង្វាស់ដ៏សំខាន់នៃលទ្ធភាពទទួលបានប្រាក់ចំណេញពីការផ្តល់ប្រាក់កម្ចីបានធ្លាក់ចុះដល់កម្រិតទាបបំផុត ១,៥៣ភាគរយនៅក្នុងត្រីមាសទីបី។
រដ្ឋាភិបាលចិនបានជំរុញឱ្យមានអត្រាការប្រាក់កម្ចីទាបដោយសារតម្រូវការកម្ចីរួមនៅតែខ្សោយ ដោយបានប្រកាសដាក់ចេញវិធានការក្នុងខែកញ្ញា ដើម្បីលើកទឹកចិត្តដល់ការទិញផ្ទះ ដែលរួមមានទាំងការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ផងដែរ។
ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីការធ្លាក់ចុះប្រាក់ចំណេញនេះ កាលពីខែតុលាធនាគារនានាបានទម្លាក់អត្រាប្រាក់បញ្ញើដើម្បីកាត់បន្ថយការចំណាយ។ រដ្ឋាភិបាលចិននៅក្នុងខែកញ្ញាក៏បានសន្យាថានឹងចាក់បញ្ចូលដើមទុនទៅក្នុងធនាគាររដ្ឋធំៗផងដែរដើម្បីបង្កើនសមត្ថភាពរបស់ធនាគារទាំងនោះក្នុងការទ្រទ្រង់សេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕