(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា ស្ថានភាពពាណិជ្ជកម្ម អន្ដរជាតិ ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ មានការវិវឌ្ឍល្អ ខណៈទំហំពាណិជ្ជកម្មកម្ពុជា សម្រេចលើសពី៥០ប៊ីលានដុល្លារ កើនជាង១៥%។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ​នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកត់សម្គាល់ឃើញថា ស្ថានភាពពាណិជ្ជកម្មអន្ដរជាតិ ក្នុងរយៈពេល១១ ខែដើមឆ្នាំនេះ មានការវិវឌ្ឍល្អ, ខណៈដែលទំហំ ពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានលើសពី៥០ ប៊ីលានដុល្លារអាម៉េរិក, មានកំណើនជាង ១៥%, ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ក្នុងនោះ ការនាំចេញរបស់កម្ពុជា បានកើនប្រមាណជាង១៤%»។

ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការនាំចេញរបស់កម្ពុជា មិនគ្រាន់តែកើនជាទំហំប៉ុណ្ណោះទេ ប៉ុន្តែក៏កាន់តែមានពិពិធភាព គួរឱ្យកត់សម្គាល់ថែមទៀតផង។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ជាក់ស្តែង ទំហំនៃការនាំចេញផលិតផលកាត់ដេរ ធៀបនឹងការនាំចេញសរុប បានរួមតូចពី៩១% ក្នុងឆ្នាំ២០០០ មកនៅត្រឹមប្រមាណ៥១% គិតត្រឹម១១ខែ ដើមឆ្នាំ២០២៤នេះ ខណៈដែលទំហំនៃការនាំចេញទំនិញកម្មន្តសាលមិនមែនកាត់ដេរ ដែលរួមបញ្ចូលទាំងកសិផលផង បានកើនពី៩% រហូតដល់៤៩% ក្នុងរយៈពេលដូចគ្នា។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ​បានកត់សម្គាល់ដោយមោទនភាពថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជា កាន់តែឈានឆ្ពោះទៅរកប្រភេទទំនិញ នៃឧស្សាហកម្មកម្មន្តសាលមិនមែន កាត់ដេរ, ដែលបានកើនពីប្រមាណ ១.៤ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៦ រហូតដល់ប្រមាណ ៧.៥ពាន់លានដុល្លារអាម៉េរិក គិតត្រឹម១១ខែ នៃឆ្នាំ២០២៤នេះ។

ក្នុងនោះ ឧស្សាហកម្មដែលកំពុងមានសក្តានុពល រួមមាន៖ គ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងសង្ហារិម (តុ, ទូ និង សាឡុង), ស្បែកសត្វមានរោម (Furskin) និង សំបកកង់រថយន្ត ជាដើម, ដែលសុទ្ធសឹងជាទំនិញនៃវិស័យឧស្សាហកម្ម មានតម្លៃបន្ថែម ពីមធ្យមទៅខ្ពស់។ នេះជាការបញ្ជាក់បន្ថែម របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងទៀតថា បើពិនិត្យលើសន្ទស្សន៍ Economic Complexity (ECI) របស់កម្ពុជាវិញ គឺបានកើនពី -០.៧៦ ក្នុងឆ្នាំ២០០៧ ដល់ -០.២២ ក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យចំណាត់ថ្នាក់របស់កម្ពុជា ក្នុងពិភពលោក បានកើនពីលេខរៀងទី១០៩ ក្នុងឆ្នាំ២០១២ មកលេខរៀងទី៧៧ ក្នុងឆ្នាំ២០២២ ក្នុងចំណោម១៤៥ប្រទេស។ បើគិតពីការធ្វើពិពិធកម្ម (Diversity rank) វិញ ចំណាត់ថ្នាក់របស់កម្ពុជា បានកើនពីទី១០៩ ក្នុងឆ្នាំ២០០៧ ដល់ទី៨១ ក្នុងឆ្នាំ២០២២ ក្នុងចំណោម១៤៥ប្រទេស។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា និន្នាការនេះ បានបង្ហាញច្បាស់ អំពីលទ្ធផលនៃការខិតខំឥតសំចៃ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើ-ពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា ទាំងផលិតផល និង ទីផ្សារ នេះម៉្យាង និង ម៉្យាងទៀត ក៏បានបង្ហាញពីការបោះជំហាន ចេញពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាប ទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមមធ្យម និងខ្ពស់។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ជាមួយគ្នានេះ តួលេខខាងលើ ក៏បានឆ្លុះបញ្ចាំងច្បាស់ពីកិច្ចប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបាននូវសមិទ្ធផលការងារចម្បងជាច្រើន រួមមាន៖
(១)៖ ការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម,
(២)៖ ការពង្រឹងសមត្ថភាពផលិត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និង នាំចេញ
(៣)៖ ការកសាងមូលធនមនុស្ស
(៤)៖ ការកែលម្អការផ្តល់សេវាសាធារណៈ
(៥)៖ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម
(៦)៖ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម
(៧)៖ ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល
និង(៨)៖ ការលើកកម្ពស់សុខុមាលភាព ជូនប្រជាជន តាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង -ល-។

លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏សម្រេចបាននូវការចរចាដំឡើងកម្រិតកិច្ច-ព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) និង កំពុងដឹកនាំ ការចរចាដំឡើងកម្រិត កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA), និងការចរចានានាទាក់ទងនឹងការកាត់បន្ថយ របាំងពាណិជ្ជកម្ម៕