(អ៉ីស្លាម៉ាបាដ)៖​ នៅថ្ងៃសៅរ៍​ ទី២១​ ខែធ្នូនេះ​ ក្រសួងការបរទេសប៉ាគីស្ថាន​ ចាត់ទុកការលេីកឡេីងដោយមន្ត្រីជាន់ខ្ពស់អាមេរិក​ ដែលថាកម្មវិធីមីស៉ីលរបស់ប៉ាគីស្ថានអាចគំរាមកំហែងដល់សហរដ្ឋអាមេរិក​នាពេលខាងមុខ​ ថាជាការអះអាងដែលគ្មានមូលដ្ឋាន​ និងគ្មានហេតុផល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក លោក Jon Finer បាននិយាយថា ការអភិវឌ្ឍមីស៉ីលរយៈចម្ងាយឆ្ងាយរបស់ប៉ាគីស្ថាន​ កំពុងក្លាយជាការគំរាមកំហែងដែលអាចកើតមាន។​ ឆ្លេីយតបនឹងការលេីកឡេីងនោះ​ ក្រសួងការបរទេសប៉ាគីស្ថាន​ បញ្ជាក់ថា «ការដែលយល់ឃេីញថាមានលក្ខណៈគំរាមកំហែងគឺគ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្មាន​ហេតុផល​ និង​ប្រេីអារម្មណ៍​នៃ​ប្រវត្តិសាស្ត្រ»។​

តាមក្រសួងការបរទេសប៉ាគីស្ថាន​ សមត្ថភាពជាយុទ្ធសាស្ត្ររបស់ខ្លួនគឺសម្រាប់តែការពារអធិបតេយ្យភាព និងរក្សាស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ ហើយមិនគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។

គួរបញ្ជាក់ថា​ ការអត្ថាធិប្បាយរបស់លោក Finer ធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន​ ប្រកាសដាក់ទណ្ឌកម្មថ្មីទាក់ទងនឹងកម្មវិធីមីស៉ីលរបស់ប៉ាគីស្ថាន​ ហេីយវាសបញ្ជាក់ឱ្យឃេីញពីការធ្លាក់ចុះថែមទៀតនៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ ចាប់តាំងពីឆ្នាំ ២០២១​ ជាពេលដែលអាមេរិកដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន៕