(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានជំរុញឱ្យក្រសួងពាណិជ្ជកម្មគិតគូរ ក្នុងការលុបបំបាត់នូវរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។

ថ្លែងក្នុង «ពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤និង លើកទិសដៅការងារ ឆ្នាំ ២០២៥» នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងត្រូវបន្តរៀបចំវិធានការគោលនយោបាយ សម្រាប់កាត់បន្ថយថ្លៃពាណិជ្ជកម្ម និងថ្លៃពាក់ព័ន្ធនានា ព្រមទាំងលុបបំបាត់នូវរបាំងពាណិជ្ជកម្ម ដែលមិនចាំបាច់ ដើម្បី បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង លើកកម្ពស់អនុលោមភាពស្តង់ដា ។ល។»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្នុងការធ្វើពាណិជ្ជកម្ម តែងតែរបាំងពាណិជ្ជទាំងសងខាង គឺទាំងប្រទេសដែលជាដៃគូនាំចូលទំនិញ និងទាំងកម្ពុជា ហេតុដូច្នេះហើយក្រសួងពាណិជ្ជកម្ម គួរតែពិនិត្យមើលអំពីករណីនេះ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  បន្ថែមថា «របាំងពាណិជ្ជកម្មមានទាំងសងខាង ម្ខាងដៃគូយើងដែលគេដាក់សម្រាប់យើង ដែលយើងត្រូវខិតខំទៅចរចាជាមួយគេ ដើម្បីដោះវាចេញ បើកផ្លូវឱ្យទំនិញរបស់យើងវាងាយចូលទៅក្នុងទីផ្សារប្រទេសដៃគូ។ ប៉ុន្តែម្ខាងទៀត ខាងយើងខ្លួនឯងដែរ ក៏ត្រូវពិចារណាពិនិត្យមើលដែរថា មានកន្លែងណាដែលវាចាំបាច់ សម្រាប់ការពារនូវផលិតផលក្នុងស្រុក ប៉ុន្តែនៅមានផលិតផលខ្លះទៀត វាមិនចាំបាច់ ឬវាលែងចាំបាច់។ ពីមុនមកអាចចាំបាច់ តែមកដល់ដំណាក់កាលថ្មី វាអាចលែងចាំបាច់ អ៊ីចឹងក៏ត្រូវពិនិត្យវាដែរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម ព្រោះការធ្វើពាណិជ្ជកម្ម និងកំណើនពាណិជ្ជកម្មនេះ វាមានសារៈសំខាន់ខ្លាំង ក្នុងបរិការណ៍បច្ចុប្បន្ននេះ សម្រាប់ការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការកែលម្អជីវភាពរបស់ប្រជាជន»

ទន្ទឹមគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញដល់ក្រសួងពាណិជ្ជកម្ម ត្រូវជួយគាំទ្រសហគ្រាសនានា ឱ្យមានសមត្ថភាព និងលទ្ធភាពក្នុងការនាំចេញ និងអាចប្រកួតប្រជែងបាន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល តាមរយៈការរៀបចំកម្មវិធីនានា ដើម្បីសហការបង្កើនជំនាញផ្នែកពាណិជ្ជកម្មអន្ដរជាតិ ក្នុងការខិតខំច្រៀតចូលក្នុងទីផ្សារថ្មី និងសហការជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ ដើម្បីពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក ឲ្យស្របតាមស្តង់ដាតំបន់ និង អន្ដរជាតិ ។

សូមជម្រាបថា ក្នុងរយៈពេល១១ ខែឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានការវិវឌ្ឍល្អគួរឱ្យកត់សម្គាល់ ខណៈដែលទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ចំនួន៥០.៤៥ប៊ីលានដុល្លារ កើនឡើង១៥.៩៥% ក្នុងនោះ ការនាំចេញសម្រេចបាន ទឹកប្រាក់ចំនួន ២៤.៣៤ប៊ីលានដុល្លារ កើនឡើង១៤.៣៦%៕