(តូក្យូ)៖ ក្រុមហ៊ុន Honda និងក្រុមហ៊ុន Nissan កំពុងពិចារណាផលិតរថយន្តនៅក្នុងរោងចក្ររបស់គ្នាទៅវិញទៅមក ដែលជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនផលិតរថយន្តទាំងពីរក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុន Honda ក៏នឹងពិចារណាផ្គត់ផ្គង់រថយន្តកូនកាត់ទៅឱ្យក្រុមហ៊ុន Nissan ផងដែរដែលជាផ្នែកមួយនៃផែនការដែលអាចនាំទៅរកការច្របាច់ក្រុមហ៊ុនបញ្ចូលដែលអាចកើតមានណាមួយ។
ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនរថយន្តធំទីពីរ និងក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនធំទី៣ របស់ប្រទេសជប៉ុន អាចបង្កើតបានក្រុមរថយន្តធំបំផុតទីបីរបស់ពិភពលោកបើគិតតាមការលក់រថយន្តដោយស្ថិតនៅពីក្រោយក្រុមហ៊ុន Toyota និងក្រុមហ៊ុន Volkswagen ជាមួយនឹងទិន្នផលផលិតកម្មប្រចាំឆ្នាំចំនួន ៧,៤លានគ្រឿង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Honda បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍ថា៖ «ដូចដែលបានប្រកាសនៅក្នុងខែមីនា និងខែសីហា ក្រុមហ៊ុនរបស់យើងគឺក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi Motors កំពុងរួមកម្លាំងគ្នា និងស្វែងរកទម្រង់កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលណាមួយ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តនៅឡើយទេ»។
ក្រុមហ៊ុន Nissan គឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន Mitsubishi Motors។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានក្យូដូបានឱ្យដឹងទៀតថា ក្រុមហ៊ុន Honda អាចប្រើប្រាស់រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Nissan នៅចក្រភពអង់គ្លេស ដោយសារតែបច្ចុប្បន្នក្រុមហ៊ុននេះមានតែរោងចក្រសម្រាប់ផលិតម៉ាស៊ីន និងម៉ូតូនៅអឺរ៉ុបប៉ុណ្ណោះ។
សេចក្តីរាយការណ៍ដដែលបានឱ្យដឹងទៀតថា ចំណាត់ការនេះកើតមានឡើងក្នុងគ្រាដែលមានការព្រួយបារម្ភអំពីរបៀបដែលគោលនយោបាយរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យរង្គោះរង្គើដល់ការផលិតរថយន្ត។
ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងខែមីនា ដើម្បីសហការក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី ប៉ុន្តែក្រុមហ៊ុន Nissan បានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕