(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនការអភិវឌ្ឍផលិតកម្មឧស្សាហកម្មនៅក្នុងតំបន់ខាងក្រៅទីក្រុងព្យុងយ៉ាងដើម្បីពង្រឹងសេដ្ឋកិច្ចជនបទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក គីម បានអំពាវនាវឱ្យធ្វើទំនើបកម្មរោងចក្រផលិតកម្មក្នុងតំបន់ កែលម្អវិស័យកសិកម្ម និង «សម្រេចឱ្យបានលទ្ធផលច្បាស់លាស់រៀងរាល់ឆ្នាំដោយគ្មានលក្ខខណ្ឌ»

ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម បាននិយាយដូច្នេះនៅក្នុងពិធីសម្ពោធរោងចក្រផលិតកម្មថ្មីមួយនៅក្នុងស្រុក Songchon ភាគឦសានទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រ ដែលនៅក្នុងកម្មវិធីនោះលោកបានចូលរួមកាត់ខ្សែបូ និងទស្សនាបន្ទប់ផលិតកម្មសម្រាប់ផលិតផលនានាដូចជាទឹកស៊ីអ៊ីវជាដើម។

ទីភ្នាក់ងារស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃសុក្រថា ផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងជើងកាលពីឆ្នាំមុនមានទំហំ ៤០,២ពាន់ពាន់លានវ៉ុន (២៧,៨៦ពាន់លានដុល្លារ) ឬស្មើត្រឹមតែ ១,៧ភាគរយនៃទំហំសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។

ទីភ្នាក់ងារស្ថិតបានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះក្នុងរយៈពេល ៣ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ២០២០ ក្នុងអំឡុងពេលកើតមានជំងឺរាតត្បាតនៅពេលដែលប្រទេសនេះបានបិទព្រំដែនរបស់ខ្លួន ហើយទើបតែបានស្ទុះងើបឡើងវិញកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕