(ភ្នំពេញ)៖ យោងតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលព្រះមហាក្សត្រនៃកម្ពុជា បានឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យធនាគាររបស់រដ្ឋចំនួនពីរ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ខ្ចីប្រាក់ចំនួន ១២២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣០លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានគម្រោងវិនិយោគតំបន់ភូមិភាគឦសាន។
ថវិកា ៣០លានដុល្លារនេះ ត្រូវបានបែងចែកស្មើៗគ្នា ដល់ធនាគាររបស់រដ្ឋទាំងពីរនេះ។
បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែធ្នូនេះថា កម្ចីនេះដើម្បីជួយរុញការវិនិយោគ នៅបណ្តាខេត្តភូមិភាគឦសាន រតនគិរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង ដែលកំណត់ទិសដៅជួយដល់ការកែច្នៃផលិតផលកសិកម្ម ធំៗចំនួន៦ គឺដំឡូងមី ស្វាយចន្ទី ចេកអំបូងលឿង កៅស៊ូ ឧស្សាហកម្មផ្កា (ផ្កាលម្អ) និងបន្លែ។
លោកបន្តថា «យើងចង់ឃើញឱ្យមានសកម្មភាពកែច្នៃ និងការធ្វើពាណិជ្ជកម្មនៅតំបន់ឦសានកាន់តែច្រើន ហើយក៏ជាការពង្រាយប្រជាពលរដ្ឋយើងនៅតាមតំបន់ព្រំដែន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើឱ្យតំបន់ព្រំដែនក្លាយតំបន់ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងមានសកម្មភាពសេដ្ឋកិច្ច»។
សម្រាប់ពេលវេលានេះការទម្លាក់ហិរញ្ញប្បទាននេះ ត្រូវបានលោក កៅ ថាច អះអាងថានឹងអនុវត្តន៍ភ្លាមៗនៅពេលដែលរាជរដ្ឋាភិបាល អនុម័តទម្លាក់ថវិកាដល់ដៃធនាគារ។
លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្ដក្រចេះ, ស្ទឹងត្រែង និងរតនគិរី បង្ហាញក្តីសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការជំរុញការវិនិយោគ នៅតំបន់ភូមិភាគឦសាន តាមរយៈការទម្លាក់ហិរញ្ញប្បទាន ៣០លានដុល្លារនេះ។
លោកថា ខេត្តទាំង៤ នៅភូមិភាគឦសានរបស់កម្ពុជា មានសក្តានពុលខ្លាំង ដោយសារមានផលិតផលកសិកម្ម ជាវត្ថុធាតុជាច្រើន ដែលមិនទាន់បានកែច្នៃ ទាមទារឱ្យមានការវិនិយោគរោងចក្រកែច្នៃ ដូចជារោងចក្រកែច្នៃដំឡូងមី រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាដើម។
លោក កែវ សុទ្ធារិទ្ធ បន្ថែមថា «ការវិនិយោគនៅតំបន់ភូមិភាគឦសាន ពិតជាត្រូវការទំហំទុនច្រើន ប៉ុន្តែបើទោះបីជាទំហំទឹកប្រាក់ ដែលធនាគាររបស់រដ្ឋទាំងពីរ គ្រោងផ្តល់កម្ចីមានចំនួន ៣០លានដុល្លារក្តី ក៏ជាការចាប់ផ្តើមមួយដ៏ល្អ ការជំរុញកាវិនិយោគ នៅភូមិភាគឦសានរបស់កម្ពុជា»។
លោកបានស្នើឱ្យរាជរដ្ឋាភិបាល ជំរុញឱ្យធនាគារទាំងពីរ ជួយសម្របសម្រួលលក្ខខណ្ឌកម្ចីដែលទម្លាក់មកនេះ ឱ្យអ្នករកស៊ីអាចងាយទទួលយកបាន ដែលកន្លងមកលក្ខខណ្ឌខ្លះ ធ្វើឱ្យពលរដ្ឋមិនមានលទ្ធភាពទទួលបានកម្ចីពីធនាគារទាំងពីរនេះ។
សូមជម្រាបជូនថា ដោយអនុវត្តតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ត្រូវបានបង្កើតឡើងជាផ្លូវការ ដើម្បីរៀបចំកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ ក្នុងគោលដៅកែប្រែមុខមាត់ខេត្តទាំងបួននេះ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម, និងទេសចរណ៍, ជំរុញការទាក់ទាញវិនិយោគឯកជន ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដើម្បីតភ្ជាប់ខេត្តទាំងបួន និងជំរុញសហថាមពល ដែលកើតចេញពីការប្រមូលផ្តុំ ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ច៕