(ភ្នំពេញ)៖ កម្ពុជាបានសម្រេចការនាំចេញសំ​បកកង់រថយន្ដ ក្នុងទំហំទឹកប្រាក់ប្រមាណ៧៧២លានដុល្លារអាមេរិក ដែលមានការកើនឡើងរហូតដល់១៣៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ គឹតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤នេះ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម។

ក្នុងរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ បានបញ្ជាក់ថា «១១ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញសំបកកង់រថយន្ដ ចំនួនប្រមាណ៧៧២លានដុល្លារ កើនឡើងរហូតដល់ជាង១៣៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានចំនួនត្រឹមតែ ៣២៨លានដុល្លារ»

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា នេះជាមោទនភាព និងប្រវិត្ដសាស្ដ្ររបស់កម្ពុជា ដែលបាននាំចេញសំបកកង់ឡាន យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងឆ្នាំ២០២៤។

អ្នកឧកញ៉ា លឹម ហេង បានឲ្យដឹងថា ការកើនឡើងនេះ ដោយសារតែមានការទាកទាញ់វិនិយោគ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យរោងចក្រផលិតសំបកកង់រថយន្ដ មកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យកម្ពុជាឈានដល់ការនាំចេញសំបកកង់រថយន្ដ។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា «ខ្ញុំយល់ថា នេះជាជំហានល្អ សម្រាប់ទីផ្សារកៅស៊ូ និងអ្នកផលិតកៅស៊ូ នៅក្នុងប្រទេសកម្ពុជា ដែលអាចលក់ផ្គត់ផ្គង់ ទៅកាន់រោងចក្រ ដែលផលិតនូវវត្ថុធាតុដើមរបស់កម្ពុជា ធ្វើការកែច្នៃសម្រាប់ការនាំចេញ»

អ្នកឧកញ៉ា លឹម ហេង បានលើកឡើងទៀតថា អនាគតការនាំចេញសំបកកង់រថយន្ដ នៅក្នុងប្រទេសកម្ពុជា នឹងនៅតែមានកំណើនល្អប្រសើរ ព្រោះថា ការវិនិយោគ លើផ្នែករោងចក្រផលិតសំបកកង់រថយន្ដ មានការកើនឡើង។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការ រួមមាន៖

ទី១៖ ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, កាណាដា, សមគមន៍អីរ៉ុប និងអាស៊ី ដែលម៉ាក «Sailun»

ទី២៖ ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការ នៅឆ្នាំ២០២២ លើទំហំផ្ទៃដី២០ហិកតា ក្រោមទុនវិនិយោគ២៩៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក និងមានគម្រោងនាំចេញទៅទីផ្សារប្រទេសប្រេស៊ីល ដែលម៉ាក «Sailun»

ទី៣៖ រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល តម្លៃជាង ១៣៨លានដុល្លារ បានបើកឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, សហគមន៍អីរ៉ុប និងប្រទេសប្រេស៊ីល ដែលមានម៉ាក «DoubleStar»

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%៕