(ភ្នំពេញ)៖ ក្នុងរយៈពេល១១ ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចូលរថយន្ត សម្រាប់បំពេញតម្រូវការទីផ្សារ ក្នុងទំហំទឹកប្រមាណជាង ៩០០លានដុល្លារអាមេរិក កើនឡើង ៧.២១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ បានបញ្ជាក់ថា «១១ខែ ឆ្នាំ២០២៤ កម្ពុជានាំចូលរថយន្ដ ក្នុងទំហំប្រាក់ លានដុល្លារ ៩០៧.៧៩ កើនឡើង ៧.២១%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលមានចំនួន៨៤៦.៧៤លានដុល្លារ»។
កំណើននៃការនាំចូលរថយន្តនេះ ស្របពេលដែលកម្ពុជា ក៏មានរោងចក្រចំនួន ៦ដែលកំពុងដំណើរការតំឡើងរថយន្ត សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកផងដែរ។ រួមមាន៖
ទី១៖ រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។
ទី២៖ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។
ទី៣៖ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។
ទី៤៖ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។
ទី៥៖ រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល, និងកំពុងដំណើរការសាកល្បង
ទី៦៖ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឈឺរីង ក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ក្រៅពីក្រុមហ៊ុនទាំង៦នេះ ក៏មានក្រុមហ៊ុនចំនួនទៀត កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅពេលខាងមុខដូចជាក្រុមហ៊ុន BYD ជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសបាន ២០០ ៨២៤គ្រឿង ក្នុងនោះម៉ូតូ ១៧០ ៧៤៦គ្រឿង យានយន្តធុនស្រាល ២៦ ៣៨០គ្រឿង និងយានយន្តធុនធ្ងន់ ៣ ៦៩៨គ្រឿង៕