(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃបានអនុម័តកិច្ចព្រមព្រៀងរក្សាទិសដៅអតិផរណាផ្លូវការនៅក្នុងអត្រាដដែលសម្រាប់ឆ្នាំ២០២៥ ដែលជាជ័យជម្នះសម្រាប់ធនាគារកណ្តាលថៃបន្ទាប់ពីបានទប់ទល់នឹងការអំពាវនាវឱ្យមានអតិផរណាខ្ពស់ជាងនេះដើម្បីត្រួសត្រាយផ្លូវសម្រាប់ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Julapun Amornvivat ដែលបានថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រី ភែថងថាន ស៊ីណាវ៉ាត់ នៅទីក្រុងបាងកកកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្ត្រីបានអនុម័តកិច្ចព្រមព្រៀងមួយរវាងធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុដើម្បីរក្សាទិសដៅអតិផរណាក្នុងរង្វង់ពី ១% ទៅ ៣%។

មកទល់នឹងពេលនេះ វាជាឆ្នាំទី៥ ជាប់គ្នាហើយដែលអាជ្ញាធរថៃបានយល់ព្រមរក្សាកម្រិតទិសដៅនេះ ទោះបីជាអតិផរណាពិតជារឿយៗធ្លាក់ចុះដោយសារបំណុលគ្រួសារខ្ពស់ដាក់បន្ទុកលើការចំណាយរបស់អ្នកប្រើប្រាស់ និងតម្លៃទំនិញក៏ដោយ។ កិច្ចព្រមព្រៀងនេះក៏បង្ហាញពីការថយចុះភាពតានតឹងរវាងធនាគារកណ្តាល និងរដ្ឋាភិបាលរបស់អ្នកស្រី ភែថងថាន ផងដែរបន្ទាប់ពីមានការប៉ះទង្គិចគ្នាជុំវិញអត្រាការប្រាក់ និងការស្វែងរកវិធីល្អបំផុតដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

ធនាគារកណ្តាលថៃបានព្រងើយកន្តើយនឹងការអំពាវនាវរបស់រដ្ឋាភិបាលថៃឱ្យទម្លាក់អត្រាការប្រាក់ និងបានរក្សាការប្រាក់នៅដដែលក្នុងអត្រា ២,២៥% កាលពីសប្តាហ៍មុនដោយនិយាយថា ជំហរអព្យាក្រឹតបច្ចុប្បន្នមានភាពសមរម្យសម្រាប់សេដ្ឋកិច្ចក្នុងគ្រាដែលមានការកើនឡើងភាពមិនប្រាកដប្រជាជាសកល។

ការរក្សាកម្រិតអត្រាការប្រាក់នៅកម្រិតមធ្យម ត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យធនាគារកណ្តាលនូវកម្លាំងគ្រប់គ្រាន់ដើម្បីដោះស្រាយជាមួយនឹងហានិភ័យនាពេលអនាគត ខណៈដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ គំរាមដកហូតពន្ធក្នុងទំហំច្រើនលើទំនិញនាំចូល។

ស្ថិតក្រោមបទប្បញ្ញត្តិរបស់ប្រទេសថៃ ក្រសួងហិរញ្ញវត្ថុថៃនិងធនាគារកណ្តាលត្រូវតែព្រមគ្នាលើទិសដៅអត្រាអតិផរណាមុនពេលទិសដៅណាមួយត្រូវបានអនុម័តធ្វើជាទិសដៅផ្លូវការ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News៕