(ភ្នំពេញ)៖ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ បានជះឥទ្ធិពលអវិជ្ជមានដល់តម្លៃភាគហ៊ុននៅកម្ពុជា ដែលធ្វើឱ្យភាគខ្លះបានធ្លាក់ចុះក្រោមតម្លៃ IPO តែខ្លះទៀតបានរក្សានូវតម្លៃស្ថិរភាព។
លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានកត់សម្គាល់ថា ក្នុងអំឡុងឆ្នាំ២០២៣-២០២៤នេះ កត្តាមួយចំនួន ដូចជាស្ថានភាពសេដ្ឋកិច្ចពិភពលោក បញ្ហាសង្រ្គាមបានជះឥទ្ធិពលជាអវិជ្ជមានដល់វិស័យមូលបត្រ ដែលធ្វើឱ្យការជួញដូរភាគហ៊ុនប្រចាំថ្ងៃធ្លាក់ចុះមកត្រឹមរង្វង់ ១៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤។ ចំណែកទំហំជួញដូរ របស់ភាគហ៊ុននីមួយៗវិញ ក្រុមហ៊ុនខ្លះបានធ្លាក់ក្នុងរង្វង់១៥% ភាគហ៊ុនខ្លះធ្លាក់ច្រើនជាងនេះ និងខ្លះទៀត ក៏មិនបានធ្លាក់ចុះនោះដែរ។
លោកបានពន្យល់ថា ការធ្លាក់ចុះនៃតម្លៃភាគហ៊ុននាពេលនេះ អាចមកពីវិនិយោគមួយចំនួន បានកាត់បន្ថយការវិនិយោគរបស់ខ្លួន ព្រោះតែស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ខណៈវិនិយោគិនមួយចំនួនទៀត សម្រេចចិត្តលក់ហ៊ុនចោលតែម្តង ដើម្បីយកថវិកាទៅបំពេញតម្រូវការអ្វីផ្សេង។ ទន្ទឹមគ្នានេះ កត្តាមួយទៀត អាចមកពីស្ថានភាពនៃអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី និងបញ្ហាមួយចំនួន ដែលកើតមានចុងក្រោយនេះ បានជះឥទ្ធិពលដល់ការវិនិយោគ ជាពិសេសករណីឆបោកវិនិយោគមួយចំនួន។
យ៉ាងនេះក្តី លោកលើកឡើងថា ការធ្លាក់ចុះនៃតម្លៃភាគហ៊ុននាពេលនេះ អាចនឹងមិនមែនជារឿងអាក្រក់នោះទេ។ ស្របពេលដែលតម្លៃភាគហ៊ុនមួយចំនួនបានធ្លាក់ចុះ អាចជាឱកាសសម្រាប់ការវិនិយោគ ព្រោះតម្លៃភាគហ៊ុននៅទាប។ ត្រង់ចំណុចនេះ លោកលើកទឹកចិត្តដល់អ្នកដែលមានសាច់ប្រាក់ទំនេរ គួរតែពិនិត្យ និងពិចារណាទៅលើការទិញភាគហ៊ុន ដើម្បីទុកចំណេញ។ វិនិយោគិនអាចវិភាគទៅលើស្ថានភាពអាជីវកម្មរបស់ហ៊ុនទាំង១១ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រ ថាមួយណាដែលមានសក្តានុពល និងរកប្រាក់ចំណេញបានច្រើននាពេលខាងមុខ ខណៈលោករំពឹងថា ២ ទៅ៣ ឆ្នាំទៀត ស្ថានភាពសេដ្ឋកិច្ចនឹងប្រសើរ ដែលធ្វើឱ្យតម្លៃហ៊ុនឡើងថ្លៃ ធ្វើឱ្យអ្នកវិនិយោគទទួលបានផលចំណេញ។
ជាមួយគ្នានេះ លោកណែនាំដល់អ្នកដែលទើបចាប់ផ្តើមវិនិយោគ ក្នុងទីផ្សារភាគហ៊ុន គួរតែចាប់ផ្តើមពីទឹកប្រាក់តូចៗ ចាប់ពី៥០ដុល្លារ ទៅ១ពាន់ដុល្លារ ដើម្បីបង្ការការខាតបង់។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី និងប្រមូលទុនពីសាធារណជន តាមរយៈផ្សារមូលបត្រកម្ពុជា មានចំនួន២៣ ដែលក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និង ១២ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម៕