(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញការសោកស្ដាយ ដែលឃើញមាន អ្នកវិនិយោគិនខ្មែរជាច្រើន ទៅទិញភាគហ៊ុននៅក្រៅស្រុក ធ្វើឱ្យលុយហូរចេញពីប្រទេស មិនបានជួយសេដ្ឋកិច្ចក្នុងស្រុក។

ការលើកឡើងរបស់លោក ហុង សុហួរ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃការវិនិយោគ ភាគហ៊ុននៅកម្ពុជា, តើគួរវិនិយោគបែបណា ដើម្បីកុំឱ្យមានហានិភ័យ?»

លោក ហុង សុហួរ បានថ្លែងថា ប្រទេសថៃ និងវៀតណាម ផ្សារភាគហ៊ុនរបស់ពួកគេបង្កើតឡើងអស់រយៈពេលជាយូរឆ្នាំមកហើយ និងមានការរីកចម្រើនខ្លាំងជាពិសេសវៀតណាម ដែលមានទំហំជួញដូរប្រមាណ ១៥០០លានដុល្លារ ក្នុងមួយថ្ងៃ។

លោកបន្ថែមថា វិនិយោគិនខ្មែរមានច្រើនដែរ ពិសេសវិនិយោគជាមួយផ្សារភាគហ៊ុននៅថៃ ព្រោះទំនាក់ទំនងសេដ្ឋកិច្ច ឬអាជីវកម្មជាមួយគ្នា។

លោកបានបញ្ជាក់ថា «ខ្ញុំមានការសោកស្ដាយ ចំពោះការវិនិយោគនៅក្រៅប្រទេសនេះ ព្រោះលុយត្រូវបានហូរចេញទៅក្រៅប្រទេសច្រើន ដោយមិនបានចូលរួមក្នុងការវិនិយោគក្នុងស្រុក ប៉ុន្ដែយើងមិនអាចបន្ទោសលើវិនិយោគណាមួយឡើយ ដោយសារតែនៅកម្ពុជា ទំហំទុនតូច ចំណែកក្រុមហ៊ុនចុះបញ្ជីមានតិច ដូច្នេះផលចំណេញក៏មានតិចផងដែរ។ ដូច្នេះមានតែយើងខិតខំប្រឹងប្រែងកៀងគរបន្ថែមទៀត ដើម្បីជំរុញឲ្យផ្សារហ៊ុនកាន់តែរីកចម្រើន»