(ប៊នសា)៖ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតធំជាងគេរបស់ប្រទេសហ្គាណា បានបិទរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលបម្រើឱ្យមជ្ឈមណ្ឌលជីករ៉ែដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំង ក្នុងការជីករុករករ៉ែមាសខុសច្បាប់ បានបំពុលទឹកទន្លេ ដែលផ្គត់ផ្គង់ឱ្យរោងចក្រនោះ។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ក្រុមហ៊ុន Ghana Water Co. កាលពីសប្តាហ៍មុន បានបិទរោងចក្រ ដែលផលិតទឹកស្អាត៧៥ភាគរយ សម្រាប់តំបន់ Tarkwa និងតំបន់ជុំវិញនោះ នៅភាគខាងលិចប្រទេស ដោយសារតែសកម្មភាពរុករករ៉ែមាសខុសច្បាប់យ៉ាងច្រើន នៅទន្លេ River Bonsa។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន បានឱ្យដឹងនៅថ្ងៃអង្គារ។
តម្លៃមាសកើនឡើង បាននាំឱ្យមានសកម្មភាពខុសច្បាប់ នៃការរុករករ៉ែមាសខុសច្បាប់ នៅក្នុងប្រទេសដែលផលិតលោហៈដ៏ធំជាងគេបំផុត ប្រចាំទ្វីបអាហ្វ្រិក ដោយសារតែច្បាប់ធូររលុង។
ប្រតិបត្តិករជីករ៉ែមាសធំៗ មានដូចជាក្រុមហ៊ុន AngloGold Ashanti Plc, Gold Fields Ltd. និងក្រុមហ៊ុន Newmont Corp បានប្រតិបត្តិការខ្នាតធំ ក្នុងប្រទេសហ្គាណា, ប៉ុន្តែការរុករកខុសច្បាប់ និងការជីករ៉ែមាសខ្នាតតូច បានធ្វើឱ្យអាជ្ញាធរស្តីបន្ទោសថា ជាការបំផ្លាញបរិស្ថាន៕