(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ី បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការទាក់ទាញអ្នកធ្វើដំណើរវ័យក្មេងក្នុងឆ្នាំនេះ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនពីប្រទេសចិនដីគោក ដែលនៅតែស្ថិតក្នុងចំណោមប្រភពទេសចរបរទេសធំបំផុត របស់ប្រទេសនេះ។ នេះបើយោងតាមកាសែត Channel News Asia (CNA)។
ការផ្តោតថ្មីនេះ បានកើតមានឡើងនៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានខកខានមិនសម្រេចបានទិសដៅប្រកបដោយមហិច្ឆិតា របស់ខ្លួនក្នុងឆ្នាំ២០២៤ ក្នុងការទាក់ទាញភ្ញៀវទេសចរចិនចំនួន ៥លាននាក់ទៅកាន់ឆ្នេរសមុទ្ររបស់ខ្លួន។
ទោះជាយ៉ាងណា កាសែត CNA បានរាយការណ៍ថា ភ្ញៀវទេសចរជនជាតិចិន នៅឆ្នាំ២០២៤ បានកើនឡើង ១៦០ភាគរយធៀបនឹងឆ្នាំ២០២៣។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរចិនជាង ៤លាននាក់ ខណៈពេលដែលប្រទេសនេះបានទាក់ទាញភ្ញៀវទេសចរចិនប្រហែល ១,៤លាននាក់ក្នុងឆ្នាំ២០២៣។
ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន និងវិស័យទេសចរណ៍ ម៉ាឡេស៊ីបានចាប់ផ្តើមអនុញ្ញាតឱ្យពលរដ្ឋចិន ចូលទស្សនាប្រទេសរបស់ខ្លួន ដោយគ្មានទិដ្ឋាការរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃទី១ ខែធ្នូឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៦។
ចំនួនជើងហោះហើរត្រង់ និងជើងហោះហើរជួលរវាងប្រទេសទាំងពីរ ក៏បានកើនឡើងផងដែរ ខណៈកិច្ចប្រឹងប្រែងរបស់រដ្ឋនានានៅម៉ាឡេស៊ីដូចជា រដ្ឋមេឡាកា បានព្យាយាមទាក់ទាញភ្ញៀវទេសចរចិន។ ជាផ្នែកមួយនៃយុទ្ធនាការ Visit Melaka 2024 របស់រដ្ឋមេឡាកា រដ្ឋនេះបានបង្ហាញពីភាពទាក់ទាញថ្មី និងបានតែងតាំងតារាសម្តែងល្បីឈ្មោះរបស់ចិនគឺតារា Fan Bingbing ឱ្យធ្វើជាឯកអគ្គរដ្ឋទូតទេសចរណ៍របស់ខ្លួនទៀតផង។
អ្នកជំនាញក្នុងវិស័យឧស្សាហកម្មម៉ាឡេស៊ី បានអំពាវនាវឱ្យមានកិច្ចសហការកាន់តែខ្លាំង ក្នុងចំណោមអ្នកនៅក្នុងវិស័យទេសចរណ៍ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងដាក់បង្ហាញផលិតផលទេសចរណ៍ប្លែកៗ ដើម្បីទាក់ទាញចំនួនអ្នកធ្វើដំណើរវ័យក្មេង ដែលត្រូវបានគេស្គាល់ថាជាមនុស្សជំនួនសហស្សវត្សរ៍ និង Gen Zs។ នេះបើយោងតាមកាសែត CNA៕