(ភ្នំពេញ)៖ បណ្ឌិត គឹម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង និងជាអ្នកជំនាញផ្នែកអចលនទ្រព្យដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជា បានលើកឡើងអំពីហេតុផលសំខាន់ៗចំនួន៣ធំៗ ដែលជះឥទ្ធិពលជួយឱ្យវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៥នេះ មានសង្ឃឹមអាចរើបឡើងវិញ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត គឹម ហ៊ាង អញ្ជើញចូលរួមកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៥, តើអន្តរាគមន៍បញ្ចុះអត្រាការប្រាក់ទិញផ្ទះ ជួយស្តារវិស័យអចលនទ្រព្យបានកម្រិតណា?» ក្នុងកម្មវិធី FRESH BUSINESS។
បណ្ឌិត គឹម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមើលឃើញថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលរបទថ្មី នៃវិស័យអចលនទ្រព្យ នឹងដើរឡើងវិញ ក្រោយរាំងស្ទះ ឬក៏មានបញ្ហារយៈពេល ៥ឆ្នាំមកនេះ គ្រាន់តែត្រូវការពេលវេលាបន្ដិច»។
បណ្ឌិត គឹម ហ៊ាង បានលើកឡើងថា ឆ្នាំ២០២៥ មានសញ្ញាវិជ្ជមានច្រើន រួមមាន៖
* ទី១៖ ប្រទេសកម្ពុជា រាជរដ្ឋាភិបាល ក្នុងអាណត្ដិទី៧នេះ គិតទៅលើផ្នែកសេដ្ឋកិច្ចជាគោល ដែលសម្របខ្លាំងទៅលើការវិនិយោគ។
* ទី២៖ បច្ចុប្បន្នប្រទេសចិន បានបញ្ចេញថវិកាជាច្រើន ទៅកាន់អ្នកអភិវឌ្ឍន៍ប្រទេសចិន ដូច្នេះអាចហៀរមកក្រៅប្រទេស ក្នុងនោះ ក៏មានកម្ពុជា។
* ទី៣៖ ប្រធានាធិបតីអាមេរិក អាណត្ដិទី៤៧ គឺជាអ្នកវិនិយោគ ហើយបានប្រកាសថា ពេលឡើងមក នឹងបញ្ចប់សង្គ្រាមអ៊ុយក្រែន ហើយបានសន្យាថា នឹងធ្វើឲ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់បណ្ឌិត គឹម ហ៊ាង៖