(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអចលនទ្រព្យដ៏ល្បីមួយរូប នៅក្នុងប្រទេសកម្ពុជា បណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង បានស្នើឱ្យការបង់រំលស់ផ្ទះ ធ្វើតាមរយៈធនាគារ មិនគួរបង់រំលស់ជាមួយអ្នកអភិវឌ្ឍន៍លំនៅឋាន ហើយអ្នកទិញចាំបាច់ត្រូវមាន ២០% ទៅ៣០% មុននឹងសម្រេចចិត្ដទិញផ្ទះ។
ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត គីម ហ៊ាង អញ្ជើញចូលរួមកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍ វិស័យ អចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៥, តើអន្តរាគមន៍បញ្ចុះអត្រាការប្រាក់ទិញផ្ទះ ជួយស្តារវិស័យអចលនទ្រព្យបានកម្រិតណា?» ក្នុងកម្មវិធី FRESH BUSINESS។
បណ្ឌិត គីម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យការបង់រំលោះផ្ទះ គឺធ្វើដោយធនាគារ មិនគួរឲ្យអ្នកអភិវឌ្ឍន៍លំនៅឋាន បង់រំលោះខ្លួនឯង ហើយអ្នកដែលទិញផ្ទះ គឺតម្រូវមាន២០-៣០% ហើយបើសិនជាមិនមានទេ គឺកុំទិញផ្ទះ»។
ទន្ទឹមគ្នានេះ បណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ថា អ្នកអភិវឌ្ឍន៍លំនៅឋាន សូមធ្វើតែក្នុងនាម ជាអ្នកសង់ផ្ទះលក់ ចំណេញតែថ្លៃលក់ផ្ទះបានហើយ, ការងារសូមឲ្យធនាគារ ជាអ្នកផ្ដល់ឥណទាន ហើយអ្នកទិញដាច់ខាត ត្រូវតែមាន ២០-៣០%។
បណ្ឌិត គីម ហ៊ាង បានថ្លែងថា «ខ្ញុំមិនគាំទ្រឲ្យម្ចាស់បុរី ធ្វើជាអ្នកអភិវឌ្ឍន៍ផង, ធ្វើជាអ្នកផ្ដល់ហិរញ្ញវត្ថុផង ហើយឲ្យអតិថិជនបង់រំលោះ១០០% គឺខ្ញុំមិនគាំទ្រ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់បណ្ឌិត គីម ហ៊ាង៖