(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងបើកជើងហោះហើរទៅកាន់ប្រទេសជប៉ុន, កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយគ្រោងនឹងបើកជើងហោះហើរឆ្ពោះ ទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មាន, ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានប្រកាសថា នឹងដាក់ដំណើរនូវការកញ្ចប់កាដូឆ្នាំថ្មី «Happy Cambodian Traveler 2025» ដើម្បីជួយឱ្យប្រជាជនកម្ពុជា ទទួលបាននូវជីវិតដ៏សប្បាយរីករាយ ក្នុងការធ្វើដំណើរ តាមអាកាស។
កញ្ចប់កាដូខាងលើ គឺដើម្បីផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជា និងមានខ្លឹមសារសំខាន់ចំនួន៣រួមមាន៖
ទី១៖ តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម សំបុត្រយន្តហោះឥតគិតថ្លៃចំនួន ២០២៥សន្លឹក នឹងត្រូវផ្តល់ជូននិស្សិតសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តយុវជនកម្ពុជា ជំនាន់ក្រោយឱ្យក្លាហាន ក្នុងការធ្វើដំណើរ និងសិក្សាស្វែងយល់ពីពិភពខាងក្រៅ និងពង្រីកចំណេះដឹងបន្ថែម។
ទី២៖ អ្នកដំណើរជនជាតិខ្មែរទាំងអស់ អាចទទួលបានឯកសិទ្ធិផ្តាច់មុខ ដែលអាច Check- in ដោយឥតគិតថ្លៃចំនួនពីរវ៉ាលី (មួយវ៉ាលឺមិនលើសពី២៣គីឡូក្រាម) គ្រប់ជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាទាំងអស់។
ទី៣៖ អ្នកដំណើរជនជាតិខ្មែរទាំងអស់ អាចរីករាយជាមួយឯកសិទ្ធិ នៃការផ្លាស់ប្តូរកាលបរិច្ឆេទដំបូងដោយឥតគិតថ្លៃ សម្រាប់សំបុត្រដែលបានកក់រួច ដែលបង្កើនភាពបត់បែន សម្រាប់ការធ្វើដំណើរ និងជៀសវាង បន្ទុកបន្ថែមដោយសារតែការកែសម្រួលផែនការធ្វើដំណើរ។
ជាមួយនឹងការសម្ពោធជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា រវាងទីក្រុងភ្នំពេញ និងទីក្រុង បាងកក នៅថ្ងៃទី១៧ ខែកុម្ភៈ កញ្ចប់កាដូខាងលើនេះ កាន់តែមានភាពងាយស្រួល។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា សន្យានឹងបន្តពង្រីកបណ្តាញផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិរបស់ខ្លួន ដោយបើកជើងហោះហើរ ទៅកាន់ប្រទេស ជប៉ុន កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយគ្រោងនឹងបើកជើងហោះហើរឆ្ពោះ ទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ខាងមុខនេះ»។
ក្នុងនាមជាគុជខ្យងដ៏ភ្លឺស្វាងនៃ វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានប្តេជ្ញាបំពេញបេសកកម្ម ក្នុងនាមជាអាកាសចរណ៍ជាតិ តាំងពីការបង្កើតមកតែម្តង ដោយមានមោទនភាព ក្នុងការបម្រើព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា។
ម៉្យាងវិញទៀត តែងតែផ្តល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព ផាសុកភាព និងភាពងាយស្រួល។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ក្នុង ប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រសវនកម្មសុវត្ថិភាព IOSA និងជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ផ្កាយបីពី Skytrax។
សូមរំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» ដើម្បីជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ឲ្យកាន់តែរីកចម្រើន ខណៈនៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនប្រកាសនាំចូលយន្ដហោះ ប្រភេទ ATR72-600 ចំនួន៣គ្រឿងបន្ថែមទៀត។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។
ក្រុមហ៊ុនបានបន្តពង្រីកការហោះហើរ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ ហាណូយ ហូជីមិញ ដាណាំង សៀងហៃ ក្វាងចូវ ហៃគូ ចិនចូវ និងវៀងចន្ទន៍ ហើយនឹងគ្រោងហោះហើរ ទៅកាន់គោលដៅជាច្រើនផ្សេងទៀត នាពេលឆាប់ៗខាងមុខ៕