(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា នៅឆ្នាំ២០២៥នេះ គឺជាឆ្នាំដែលល្អបំផុតសម្រាប់ការទិញផ្ទះ ខណៈផ្ទះដែលបានសង់រួចរាល់ជាច្រើនកំពុងនៅសល់នៅក្នុងទីផ្សារ។

លោកអះអាងបែបនេះ ដោយលោកបានពន្យល់ថា នៅឆ្នាំ២០២១ ២០២២ និង២០២៣ ចំនួនផ្ទះដែលបានសាងសង់រួចរាល់ នៅសល់ច្រើន ដែលធ្វើឱ្យម្ចាស់ផ្ទះមួយចំនួនចង់បញ្ចេញលក់ឱ្យអស់។ ទន្ទឹមគ្នានេះ ធនាគារមួយចំនួនក៏អាចនៅសល់លុយ ដែលទទួលបានពីការដាក់ប្រាក់បញ្ញើកាលពីឆ្នាំ២០២៤ ដែលត្រូវបញ្ចេញឱ្យអ្នកស្វែងរកប្រាក់កម្ចី។ នេះគឺជាឱកាសសម្រាប់អ្នកដែលចង់ទិញផ្ទះ ហើយបង់រំលស់ជាមួយធនាគារ។

លោកបានពន្យល់បន្តថា «វាជាឱកាសយ៉ាងម៉េច? គឺធនាគារមួយចំនួន នៅឆ្នាំ២០២៤បានទទួលប្រាក់បញ្ញើច្រើន ដែលត្រូវការបញ្ចេញ រកអ្នកមកខ្ចី។ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលសង់ផ្ទះ នៅសល់ផ្ទះ អីចឹងនៅឆ្នាំ២០២៥នេះ អ្នកដែលចង់ទិញ គួរទៅទិញផ្ទះ។ ហើយយុទ្ធសាស្រ្តដែលខ្ញុំប្រាប់ស្រួលទេ គឺនាំគ្នាទៅទិញលើសពីមួយផ្ទះ ដើម្បីអាចចរចាបញ្ចុះតម្លៃ »

លោកបន្ថែមថា បច្ចុប្បន្ននេះ ផ្ទះដែលមានតម្លៃ១០ម៉ឺនដុល្លារ ប្រសិនបើចរចាឱ្យបញ្ចុះមក៧ម៉ឺន ឬ៨ម៉ឺន គេនឹងអាចលក់ ព្រោះផ្ទះដែលសង់ហើយគេមិនចង់ទុកនាំឱ្យខូចនោះទេ ដូច្នេះហើយម្ចាស់នឹងសប្បាយចិត្តលក់ ក្នុងតម្លៃដែលបានបញ្ចុះសមរម្យមួយ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលក៏ផ្តល់ភាពអនុគ្រោះលើការមិនបង់ពន្ធប្រថាប់ត្រា ចំពោះអ្នកទិញផ្ទះលើកដំបូង ដែលមានតម្លៃក្រោម២០ម៉ឺនដុល្លារ។ ដូច្នេះហើយ បើមិនទិញក្នុងឆ្នាំ២០២៥ទេ គឺគ្មានឆ្នាំណាដែលល្អជាងនេះនោះទេ។ ប្រសិនបើរងចាំ២ទៅ៣ឆ្នាំទៀតបាន អាចនឹងមិនបានតម្លៃល្អ ឬលក្ខខណ្ឌល្អនោះទេ៕