(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់អតិថិជន និងអ្នកអភិវឌ្ឍន៍គម្រោងបុរី ផ្ទេរកម្ចីពីម្ចាស់បុរី មកធនាគារ ដើម្បីទទួលបានផលចំណេញ និងជួយដល់វិស័យអចលនទ្រព្យទាំងអស់គ្នា ខណៈការបង់រលស់រវាងម្ចាស់បុរី និងធនាគារអត្រាការប្រាក់ខុសគ្នា១ភាគ៣។
ការជំរុញនេះស្របពេលដែលកាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី, ធនាគារជាតិនៃកម្ពុជា, ធនាគារ និងគ្រឹស្ថានហិរញ្ញវត្ថុឯកជន រួមជាមួយសមាគមក្នុងវិស័យអចលនទ្រព្យ បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធឱ្យអតិថិជន ដែលបង់រំលស់ផ្ទះជាមួយម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលនេះ ទៅបង់ជាមួយគ្រឹះស្ថានធនាគារ ក្នុងអាត្រាការប្រាក់ទាប។
លោកអ្នកឧកញ៉ា លី ហួរ មានប្រសាសន៍ថា ការផ្ទេរបំណុលពីម្ចាស់បុរីមកធនាគារ គឺជាចលករមួយ ជួយជំរុញឱ្យវិស័យអចលនទ្រព្យប្រសើរឡើងវិញ។
លោកអ្នកឧកញ៉ា លី ហួរ មានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចនេះ គឺជាចំណុចល្អប្រសើរទាំងអ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍ទាំងអស់ អ្នកទិញផ្ទះកាលមុន គាត់បង់មានអត្រាការប្រាក់ខ្ពស់។ បើធៀបកាលពីមុន ហើយឥលូវខុសគ្នា១ភាគ៣ កាលពីមុនយើងបង់យ៉ាងទាបក៏ ១២% ឡើងលើ ឥឡូវអ្នកទិញផ្ទះយើងជំរុញឱ្យអភិវឌ្ឍន៍គម្រោងរុញកម្ចីទាំងអស់នេះ ទៅធនាគារបង់តែ ៨%នោះទេ ឃើញថាជួយបានច្រើនមែនទែន ទាំងអស់នេះគឺជាចលករមួយ ជួយជំរុញឱ្យវិស័យអចលនទ្រព្យប្រសើរឡើងវិញ»។
លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មនៃធនាគារ ស៊ីអាយអិមប៊ី (CIMB) បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា ការផ្ទេរការកម្ចីពីបុរីមកបង់រំលស់ជាមួយធនាគារនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដែលអាចជួយដល់ទាំងអតិថិជនឱ្យពួកគាត់ អាចទទួលបានឥណទានក្នុងអត្រាការប្រាក់ទាប និងមានរយៈពេលបង់រំលស់យូរឆ្នាំជាង ដែលជាផ្នែកមួយជួយសម្រួលដល់ការកាត់បន្ថយការបង់ប្រចាំខែ។ លើសពីនេះទៀត គំនិតផ្តួចផ្តើមនេះក៏ជួយដល់វិស័យអចលនទ្រព្យយ៉ាងខ្លាំងផងដែរ ជាពិសេសដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ដែលពួកគាត់អាចទទួលបានទឹកប្រាក់ ជាកញ្ចប់ជាជាងការប្រមូលប្រចាំខែ។ ទឹកប្រាក់ជាកញ្ចប់នេះ អាចផ្តល់លទ្ធភាពដល់ពួកគាត់ ក្នុងការបញ្ចប់គម្រោងដែលនៅសេសសល់ ឬទៅអភិវឌ្ឍគំរោងថ្មីបន្តទៀត។
លោកបានគូសបញ្ជាក់បន្ថែមថា «តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ ស៊ីអាយអិមប៊ី នឹងចូលរួមសហការណ៍តាមលទ្ធភាពដែលអាចធ្វើទៅបាន ដែលសមស្របទៅតាមសភាពការណ៍ជាក់ស្តែង និងបទបញ្ញតិព្រមទាំងលក្ខខណ្ឌផ្ទៃក្នុងផ្សេងៗរបស់ធនាគារ ខណៈធនាគារ ស៊ីអាយអិមប៊ី ក៏មានផលិតផលឥណទានសម្រាប់ការទិញផ្ ទះដែលអាចផ្តល់ជូនដល់អតិថិជនរហូតដល់២៥ ឆ្នាំ និងមានទំហំកម្ចីរហូតដល់ទៅ៨០% នៃតម្លៃទិញ។ កន្លងមកធនាគារ ស៊ីអាយអិមប៊ី បានផ្តល់ឥណទានដោយផ្ទាល់ដល់អតិថិជន និងសហការជាមួយបុរីមួយចំនួន ដើម្បីផ្ទេរអតិថិជនពីបុរីមកធនាគារផងដែរ»។
យ៉ាងនេះក្តី លោកឡើងថា បើទោះបីជាមានការលើកទឹកចិត្តឱ្យផ្ទេរបំណុល ពីការបង់រំលស់ជាមួយបុរីផ្ទាល់ មកបង់ជាមួយធនាគារក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ អតិថជនដែលមកសាកសួរព័ត៌មាន និងការដាក់ស្នើសុំកម្ចីក្នុងកំរិតធម្មតា ដែលមិនទាន់ឃើញមានច្រើនលើសលុបជាងធម្មតានៅឡើយទេ៕