(ហ្សឺណែវ)៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមកដែលអាចកើតមានណាមួយនឹងបង្កផលវិបាកប្រកបដោយគ្រោះមហន្តរាយចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អ្នកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការ WTO បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស៊្វីសថា៖ «ប្រសិនបើយើងមានការសងសឹកទៅវិញទៅមក មិនថាវាជាការដកហូតពន្ធគយ ២៥ភាគរយ (ឬ) ៦០ភាគរយនោះទេ យើងនឹងវិលត្រលប់ទៅកាន់ទសវត្សរ៍ឆ្នាំ១៩៣០ យើងនឹងមើលឃើញការបាត់បង់ផលិតផលក្នុងស្រុកសរុបសកលពីរខ្ទង់។ នោះគឺជាគ្រោះមហន្តរាយ»

ការលើកឡើងរបស់ប្រធានអង្គការពាណិជ្ជកម្មពិភពលោករូបនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដកហូតពន្ធគយប្រទេសជាដៃគូមួយចំនួនដូចជាកាណាដា ម៉ិកស៊ិក សហភាពអឺរ៉ុប រួមជាមួយនឹងប្រទេសចិនផងដែរ៕