(វ៉ាស៊ីនតោន)៖ នៅឆ្នាំ២០២៤ ប្រទេសចិនមានទំហំផលិតផលក្នុងស្រុកសរុបដែលវាស់វែងតាមអំណាចទិញ PPP (GDP PPP) ចំនួន ៣៧,០៧ពាន់ពាន់លានដុល្លារអាមេរិក ដែលជាទំហំធំជាងគេលើពិភពលោក ខណៈ GDP PPP របស់អាមេរិកមានទំហំ ២៩,១៧ពាន់ពាន់លានដុល្លារ ពោលគឺទាបជាងប្រទេសចិន ៧,៩ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកដែលចេញផ្សាយនៅខែតុលា ឆ្នាំ២០២៤ ដោយមូលនិធិ IMF បានបង្ហាញថា ប្រទេសដែលមានទំហំ GDP PPP ជាប់ចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌាដែលមានទំហំ ១៦,០២ពាន់ពាន់ដុល្លារ បន្ទាប់មកគឺប្រទេសរុស្ស៊ី (៦,៩១ពាន់ពាន់លានដុល្លារ) ជប៉ុន (៦,៥៧ពាន់ពាន់ដុល្លារ) អាល្លឺម៉ង់ (៦,០២ពាន់ពាន់លានដុល្លារ) ប្រេស៊ីល (៤,៧ពាន់ពាន់លានដុល្លារ) ឥណ្ឌណេស៊ី (៤,៦៦ពាន់ពាន់លានដុល្លារ) បារាំង (៤,៣៦ពាន់ពាន់លានដុល្លារ) និងអង់គ្លេស (៤,២៨ពាន់ពាន់លានដុល្លារ)។

បើវាស់វែងតាមផលិតផលក្នុងស្រុកសរុប Nominal (GDP Nominal) វិញ សហរដ្ឋ អាមេរិកនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ដោយមានទំហំ ២៩,១៧ពាន់ពាន់លានដុល្លារ ខណៈដែលចិនជាប់ចំណាត់ថ្នាក់ទី២ ដោយមានទំហំផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ចំនួន ១៨,២៧ពាន់ពាន់លានដុល្លារអាមេរិក។

ប្រទេសដែលជាប់ចំណាត់ថ្នាក់ទី៣ គឺអាល្លឺម៉ង់ដែលមានទំហំ ផ.ស.ស ចំនួន ៤,៧១ពាន់ពាន់លានដុល្លារ ខណៈជប៉ុនជាប់ចំណាត់ថ្នាក់ទី៤ (៤,០៧ពាន់ពាន់លាន)។

GDP PPP ត្រូវបានប្រើប្រាស់ដើម្បីប្រៀបធៀបជីវភាពរស់នៅ និងអំណាចទិញនៅក្នុងប្រទេសមួយ ខណៈដែល GDP Nominal ត្រូវបានប្រើដើម្បីវាស់ស្ទង់ទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសមួយទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ៕