(ចូបា)៖ អាជ្ញាធរស៊ូដង់ខាងត្បូង បានដកការផ្អាកជាបណ្តោះអាសន្ន លើការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook និង TikTok, ដែលបានផ្អាកកាលពីសប្តាហ៍មុន បន្ទាប់ពីមានការចែកចាយវីដេអូ ពីការសម្លាប់ជនជាតិស៊ូដង់ខាងត្បូង នៅប្រទេសស៊ូដង់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២៥។

រូបភាពក្រាហ្វិក ដែលបណ្តាលឱ្យមានការតវ៉ាហិង្សា និងការសងសឹកសម្លាប់មនុស្ស នៅទូទាំងប្រទេសនោះ, ត្រូវបានលុបចេញពីវេទិកាផ្សព្វផ្សាយសង្គមហើយ។ នេះបើតាមអាជ្ញាធរទំនាក់ទំនងសង្គមជាតិ បានឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនផ្តល់សេវាកម្មអ៉ីនធើណេត។

ក្រុមអង្គការសិទ្ធិមនុស្ស បានស្តីបន្ទោសកងទ័ពស៊ូដង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពោះការវាយប្រហារលើគោលដៅជនជាតិភាគតិច ជាជនស៊ីវិល នៅរដ្ឋ El Gezira ប្រទេសស៊ូដង់ កាលពីដើមខែនេះ, បន្ទាប់ពីពួកគេបានវាយដណ្តើមយកទីក្រុង Wad Madani ពីទាហានប៉ារ៉ា Rapid Support Forces។

​កងទ័ពយោធាស៊ូដង់ បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា «ការរំលោភបំពានបុគ្គល» ដែលត្រូវបានថតជាវីដេអូ និងបានចែកចាយយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕