(បាងកក)៖ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាននិយាយថា អ្នកស្រីនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយក្នុងគោលបំណងដើម្បីដោះស្រាយកង្វល់របស់ភ្ញៀវទេសចរចិនអំពីសុវត្ថិភាពនៅក្នុងប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
គម្រោងដំណើរទស្សនកិច្ចរបស់អ្នកស្រី Paetongtarn ទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែកុម្ភៈ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានធានាឡើងវិញនូវសុវត្ថិភាពជូនភ្ញៀវទេសចរចិនក្នុងគ្រាដែលមានសេចក្តីរាយការណ៍ពីការលុបចោលការធ្វើដំណើរដោយអ្នកធ្វើដំណើរមួយចំនួន។ ការលុបចោលការធ្វើដំណើរនេះត្រូវបានបង្កឡើងដោយសារការភ្ញាក់ផ្អើលអំពីករណីជួញដូរដែលល្បីរន្ទឺរបស់តារាសម្តែងចិននៅជិតព្រំដែនថៃជាមួយប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែនេះ។
នាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយថា អ្នកស្រីនឹងស្នើសុំជំនួយពីប្រទេសចិនក្នុងការទប់ស្កាត់ពាក្យចចាមអារ៉ាមអវិជ្ជមានអំពីសុវត្ថិភាពនៅក្នុងប្រទេសថៃ ហើយនឹងបង្ហាញការព្រួយបារម្ភផងដែរទៅកាន់លោក ស៊ី អំពីមជ្ឈមណ្ឌលបោកប្រាស់អនឡាញនៅក្នុងប្រទេសជិតខាងរបស់ថៃ។
ប្រទេសចិនគឺជាប្រភពទេសចរណ៍ធំបំផុតសម្រាប់ប្រទេសថៃ ដោយការមកដល់របស់ភ្ញៀវទេសចរជនជាតិចិនមានចំនួន ៦,៧លាននាក់ក្នុងចំណោមអ្នកធ្វើដំណើរសរុបចំនួន ៣៥,៥លាននាក់ក្នុងឆ្នាំ២០២៤។ អ្នកស្រី Paetongtarn ធ្លាប់បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់បង្កើនការបង្ក្រាបប្រឆាំងនឹងក្រុមមជ្ឈមណ្ឌលបោកប្រាស់អនឡាញ និងធានាសុវត្ថិភាពរបស់ភ្ញៀវទេសចរ ដោយសារឧស្សាហកម្មនេះមានទំហំប្រហែល ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និងជិតមួយភាគប្រាំនៃការងារសរុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕