(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បាននិយាយថា សហរដ្ឋអាមេរិកទំនងជាមិនចាត់វិធានការពន្ធគយផ្ទាល់លើទំនិញរបស់សិង្ហបុរីនោះទេ ប៉ុន្តែសិង្ហបុរីនឹងនៅតែទទួលរងផលប៉ះពាល់ដោយប្រយោលពីវិធានការពន្ធគយដែលធ្វើឡើងដោយលោក ត្រាំ។ នេះបើយោងតាមកាសែត Channel News Asia។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរូបនេះបានធ្វើឡើងខណៈពេលដែលគាត់ឆ្លើយតបទៅនឹងសំណួរនៅសភាជាតិនៅថ្ងៃអង្គារសប្តាហ៍នេះអំពីផលប៉ះពាល់នៃការដកហូតពន្ធគយរបស់សហរដ្ឋអាមេរិកលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន។
ប្រធានាធិបតីអាមេរិកលោក ដូណល់ ត្រាំ បានប្រកាសចាត់វិធានការពន្ធគយកាលពីថ្ងៃសៅរ៍ ប៉ុន្តែនៅថ្ងៃអង្គារសប្តាហ៍នេះបានយល់ព្រមផ្អាកការអនុវត្តរយៈពេល ៣០ថ្ងៃសម្រាប់ប្រទេសកាណាដា និងម៉ិកស៊ិក ជាថ្នូរនឹងសម្បទានលើការអនុវត្តកិច្ចការព្រំដែន និងឧក្រិដ្ឋកម្ម។ ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានសងសឹកជាមួយនឹងពន្ធពី ១០ភាគរយទៅ ១៥ភាគរយលើទំនិញមួយចំនួនរបស់អាមេរិក។ ពន្ធទាំងនេះនឹងចូលជាធរមាននៅថ្ងៃទី១០ ខែកុម្ភៈ។
កាសែត Channel News Asia បានរាយការណ៍ថា លោករដ្ឋមន្ត្រី Balakrishnan បាននិយាយថា ពន្ធគយនានានិងពន្ធគយដែលកំពុងលេចវត្តមានឡើងនេះនឹងកើតមានពិតប្រាកដនៅថ្ងៃខាងមុខ។
គាត់បានថ្លែងថា៖ «ខ្ញុំនឹងប្រថុយនិយាយថា ខ្ញុំមិនរំពឹងថា យើងស្ថិតក្នុងបញ្ជីទទួលរងវិធានការដកហូតពន្ធគយដោយផ្ទាល់ទេ ពីព្រោះ ... សហរដ្ឋអាមេរិកមានអតិរេកពាណិជ្ជកម្មជាមួយយើង»។
អតិរេកពាណិជ្ជកម្មមានន័យថា បរិមាណទំនិញនិងសេវាកម្មដែលសិង្ហបុរីនាំចូលពីអាមេរិកមានបរិមាណលើទំនិញនិងសេវាកម្មដែលសិង្ហបុរីនាំចេញទៅសហរដ្ឋអាមេរិក។
លោក Balakrishnan បាននិយាយថា ប៉ុន្តែសិង្ហបុរីនឹងនៅតែរងផលប៉ះពាល់ពីការដកហូតពន្ធលើប្រទេសផ្សេងទៀតដែលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងពាណិជ្ជកម្មពិភពលោកពីព្រោះសេដ្ឋកិច្ចរបស់យើងមានទំហំតូច និងបើកចំហ ដោយពាណិជ្ជកម្មមានទំហំធំក្នុងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហបុរី។
លោកបានបន្ថែមថា ប្រទេសសិង្ហបុរីនិងសហរដ្ឋអាមេរិករីករាយនឹងភាពជាដៃគូដ៏សំខាន់ ពហុភាគី និងយូរអង្វែង ដែលមានអាយុកាល ៦០ឆ្នាំមកហើយស្ថិតគ្រោមរដ្ឋាភិបាលអាមេរិកដែលគ្រប់គ្រងដោយទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ នេះបើយោងតាមកាសែ Channel News Asia៕