(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បី បូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅ យុទ្ធ សាស្ត្រ សម្រាប់ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ រៀបចំឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយបានបង្ហាញវឌ្ឍនភាពសំខាន់ៗ ក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជា។
នៅក្នុងឆ្នាំ២០២៤ សហគ្រិនខ្មែរ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមមាន៖
* កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur Program)៖ និស្សិតប្រមាណ ១.០០០នាក់ មកពី សាកល វិទ្យា ល័យ ចំនួន២៥ នៅទូទាំងប្រទេស បានចូលរួមបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ។
* កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤៖ បានជ្រើសរើស និងប្រគល់ពានរង្វាន់ដល់ជ័យលាភីចំនួន ១៤ ក្រុមហ៊ុន/ក្រុម ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រមាណ ២.០០០នាក់។
* ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ ព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំនេះបានប្រមូលផ្តុំសហគ្រិនជាច្រើនមកជួបជុំគ្នា និង មានអ្នកចូលរួមប្រមាណ ២០ ០០០ នាក់ រួមទាំងសហគ្រិនកម្រិតវិទ្យាល័យ សហគ្រិនមហាវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី សហគ្រាស ធុនតូចនិងមធ្យម និងអ្នកវិនិយោទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមានការតាំងបង្ហាញផលិតផល និង សេវាកម្ម ផងដែរ។
* ការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល៖ សហគ្រិនខ្មែរបានគាំទ្រសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន ១២ ចូលរួមតាំងពិព័រណ៍អន្តរជាតិ Salon International de l'Alimentation (SIAL) Paris នៅប្រទេសបារាំង ។ ក្នុង ឆ្នាំ២០២៤ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិនេះ មានក្រុមហ៊ុនប្រមាណ ៧ ៨០០ ក្រុម ហ៊ុន មកពី ១៣០ ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤០០.០០០ ប្រភេទ ដែលរួមមានផលិត ផលចំណីអាហារ ភេសជ្ជៈ និងគ្រាប់ធុញ្ញជាតិ ហើយមានអ្នកចូលទស្សនាសរុបប្រមាណ ២៨៥ ០០០ នាក់ មកពីប្រមាណ ២០០ ប្រទេស។
លោក ហែម វណ្ណឌី បានលើកឡើងថា«លទ្ធផលក្នុងឆ្នាំ២០២៤ បង្ហាញពីភាពរឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ សហគ្រិនខ្មែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពរីកចម្រើនរបស់អាជីវកម្ម និងពង្រឹងឧត្តមភាពក្នុង ប្រព័ន្ធអេកូឡូស៊ី សហគ្រិន ភាព។ សម្រាប់ឆ្នាំ២០២៥ បេសកកម្មរបស់សហគ្រិនខ្មែរ នឹងបន្តផ្តោតលើការផ្តល់នូវធនធានចាំបាច់ ជំនាញ បច្ចេកទេស និងឱកាសផ្សេងៗសម្រាប់សហគ្រិនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើននៅក្នុងទីផ្សារសកល។ នេះជាឆ្នាំដ៏សំខាន់សម្រាប់ សហគ្រិនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។ សហគ្រិនខ្មែរ នឹងបំពេញភារកិច្ចជាយុទ្ធសាស្ត្របន្ថែមទៀត ជាកាតាលីករ ជាអ្នកលើកស្ទួយ និងជាអ្នកសម្របសម្រួលក្នុងការអភិវឌ្ឍអនុវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលជាអាទិភាពគន្លឹះ។»
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាងប្រព័ន្ធនវានុវត្តន៍ ជំរុញកំណើនធុរកិច្ច និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូ អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិន ភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
គិតត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរបានផ្តល់ជំនួយថវិកាគាំទ្រដល់សហគ្រិនចំនួន៩០៧ នាក់ តាមរយៈកម្មវិធីកញ្ចប់ជំនួយ សហគ្រិនខ្មែរ និងកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ លើសពីនេះ សហគ្រិនខ្មែរ ក៏បានផ្តល់ ជំនួយបច្ចេកទេស និងជំនួយ ហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យអ្នកទទួលផលទាំងនោះទាក់ទាញ ហិរញ្ញប្បទានខាងក្រៅបន្ថែម ដែលក្នុងនោះរួមមាន ហិរញ្ញប្បទានវិនិយោគប្រមាណ ២៥.២ លានដុល្លារ និងកម្ចីប្រមាណ ១២.៣ លានដុល្លារ ចាប់តាំងពីឆ្នាំ ២០២០ មក៕