(ប៉េកាំង)៖ ធនាគារកណ្តាលរបស់ប្រទេសចិនបានបង្កើនស្តុកបម្រុងមាសរបស់ខ្លួនរយៈពេលបីខែជាប់គ្នានៅក្នុងខែមករាបើទោះបីជាលោហៈដ៏មានតម្លៃនេះបានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃសុក្រថា មាសដុំដែលកាន់កាប់ដោយធនាគារប្រជាជនចិនដែលជាធនាគារកណ្តាលរបស់ប្រទេសចិនបានកើនឡើង ០,១៦លានត្រយអោន (ប្រហែល ១៧៥ ៥៤២,៨៥៧អោន, ១អោនស្មើ ៨,៣ជី) កាលពីខែមុននេះ។ ធនាគារកណ្តាលចិនបានបន្តទិញមាសបន្ថែមដើម្បីស្តុកទុកធ្វើជាទ្រព្យបម្រុងរបស់ខ្លួននៅក្នុងខែវិច្ឆិកាបន្ទាប់ពីផ្អាកទិញរយៈពេលប្រាំមួយខែដែលបន្ទាប់ពីបានទិញស្តុកទុករយៈពេល ១៨ខែ។
ការបង្កើនការទិញនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលចិនក្នុងការធ្វើពិពិធកម្មទ្រព្យបម្រុងរបស់ខ្លួន សូម្បីតែមាសមានតម្លៃខ្ពស់ជាប្រវត្តិសាស្ត្រក៏ដោយ។ លោហៈមានតម្លៃនេះបានបង្កើតកំណត់ត្រាតម្លៃថ្មីជាបន្តបន្ទាប់នៅសប្តាហ៍នេះ ដែលគាំទ្រដោយតម្រូវការសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាព។
លោក David Qu សេដ្ឋវិទូមកពី Bloomberg Economics បានប្រាប់ទីភ្នាក់ងារ Bloomberg ថា៖ «ធនាគារកណ្តាលចិនទំនងជានឹងបន្តធ្វើពិពិធកម្មទ្រព្យបម្រុងរបស់ខ្លួនក្នុងរយៈពេលកាន់តែវែងដោយសារភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយកើនឡើង»។ លោកបានថ្លែងថា នយោបាយអាចជាហេតុផលសំខាន់នៅពីក្រោយការទិញមាសបន្ថែមនេះ ខណៈដែលធនាគារកណ្តាលចិនបានបន្តការទិញបន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោត។
ការទិញមាសសម្រាប់ធ្វើជាគ្រឿងអលង្ការនៅតែធ្លាក់ចុះនៅក្នុងប្រទេសចិនដោយសារតែកំណើនសេដ្ឋកិច្ចមិនសូវល្អ៕