(តូក្យូ)៖ មន្ត្រីជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារកណ្តាលជប៉ុនទំនងជានឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ និងព្យាករថា អត្រាការប្រាក់នឹងឈានដល់កម្រិតដែលត្រូវបានចាត់ទុកថាអព្យាក្រឹតសម្រាប់សេដ្ឋកិច្ចនៅចុងឆ្នាំ២០២៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី Nada Choueiri អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិ IMF និងជាប្រធានបេសកកម្មប្រចាំប្រទេសជប៉ុនខណៈថ្លែងថា ទោះបីជាការប៉ាន់ប្រមាណនេះមានភាពមិនច្បាស់លាស់គួរឱ្យកត់សម្គាល់ក៏ដោយ ក៏មូលនិធិ IMF មើលឃើញថា អត្រាអព្យាក្រឹតរបស់ប្រទេសជប៉ុនស្ថិតក្នុងរង្វង់ពី ១ ទៅ ២ភាគរយ។
អ្នកស្រីបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនទំនងជានឹងកើនឡើង ១,១ភាគរយនៅឆ្នាំនេះ ខណៈដែលការកើនឡើងប្រាក់ឈ្នួលជួយជំរុញការប្រើប្រាស់និងស្ថិតនៅលើដំណើរឆ្ពោះទៅសម្រេចបានគោលដៅអតិផរណា ២ភាគរយរបស់ធនាគារកណ្តាលប្រកបដោយនិរន្តរភាព។
លោកស្រី Choueiri បានប្រាប់រ៉យទ័រក្នុងបទសម្ភាសមួយថា៖ «មូលដ្ឋានរបស់យើងនៅតែជារឿងមួយដែលយើងមើលឃើញថា តម្រូវការក្នុងស្រុកមានការកើនឡើងកាន់តែខ្លាំងឡើង ដែលគាំទ្រដោយការបន្តស្ទុះងើបឡើងវិញនៃកំណើនប្រាក់ឈ្នួលពិត»។ អ្នកស្រីមានប្រសាសន៍ថា៖ «ប្រសិនបើ (សេដ្ឋកិច្ច) ដំណើរការដូចដែលយើងរំពឹងទុក យើងមើលឃើញធនាគារកណ្តាលជប៉ុនបន្តអនុវត្តការដំឡើងអត្រាការប្រាក់គោលនយោបាយបន្តិចម្តងៗ»។
បន្ទាប់ពីបានបញ្ចប់វិធានការជំរុញរូបិយវត្ថុដ៏ធំកាលពីឆ្នាំមុន ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់រយៈពេលខ្លីដល់ ០,៥ភាគរយពី ០,២៥ភាគរយនៅក្នុងខែមករាដោយសារចក្ខុវិស័យថា ប្រទេសជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលនៃការសម្រេចបានគោលដៅអតិផរណា ២ភាគរយរបស់ខ្លួន។
ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បានបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបន្តការដំឡើងអត្រាការប្រាក់ដល់កម្រិតដែលចាត់ទុកថាអព្យាក្រឹតចំពោះសេដ្ឋកិច្ច ដែលធនាគារកណ្តាលបានប៉ាន់ប្រមាណថាស្ថិតក្នុងចន្លោះពី ១ភាគរយទៅ ២,៥ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕