(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរថា «ហេតុអ្វីបានជាឱ្យតែដល់ខែប្រមូលផល កសិករតែងតែរអ៊ូរឿងស្រូវធ្លាក់ថ្លៃ» ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ បានលើកឡើងថា ដោយសារទីផ្សារនៃការស្រូបយករបស់កម្ពុជានៅទាប បើធៀបនឹងប្រទេសជិតខាងកម្ពុជា ដូចជាថៃ និងវៀតណាម ដែលវិស័យកសិឧស្សាហកម្មរបស់គេមានវ័យចំណាស់ជាងកម្ពុជា។

លោកឱ្យដឹងថា បើមើលទៅប្រទេសជិតខាងកម្ពុជា ដូចជា ថៃ និងវៀតណាម គឺបានដើរមុនកម្ពុជា ក្នុងការនាំចេញអង្ករនេះប្រមាណ២០ទៅ៣០ឆ្នាំហើយ ដែលធ្វើឱ្យទីផ្សារអន្តរជាតិស្គាល់ច្បាស់ នូវអង្កររបស់ប្រទេសទាំងពីរនេះ ខុសពីអង្ករកម្ពុជាដែលទើបតែឈានចូលទីផ្សារចុងក្រោយគេ មិនសូវមានអ្នកស្គាល់។ ហេតុដូច្នេះហើយបានទំហំទីផ្សាររបស់ប្រទេសទាំងនេះធំ ហើយមានលទ្ធភាពប្រមូលទិញស្រូវពីកសិកររបស់គេ។

លោកបានបញ្ជាក់ថា បញ្ហាទីផ្សារ គឺជារឿងសំខាន់ដែលកំណត់នូវការបញ្ជាទិញ និងកំណត់នូវឯករាជ្យ ក្នុងការគ្រប់គ្រងតម្លៃស្រូវក្នុងស្រុក។

កត្តាមួយទៀតដែលលោកកត់ថា ធ្វើស្រូវធ្លាក់ថ្លៃដែរនោះ គឺករណីស្រូវមិនមានគុណភាព តាមអ្វីដែលម្ចាស់រោងម៉ាស៊ីនចង់បាន។

លោកបន្ថែមទៀតថា «រូបភាពមួយទៀតយើងឃើញថា នៅពេលដែលប្រមូលផលទៅវាមានការជន់ខ្លាំង ព្រោះសមត្ថភាពនៃការសម្ងួតរបស់យើង នៅមានកម្រិត អាចសម្ងួតបាន ៤៥០០០តោនក្នុងមួយថ្ងៃ ប្រសិនបើការប្រមូលទូទាំងប្រទេសរបស់យើងលើសពី៤៥០០០តោនក្នុងមួយថ្ងៃ មានន័យថាវាលើសតម្រូវការ ដែលយើងទទួលយកបាន អ៊ីចឹងយើងចាប់ផ្តើមពឹងពាក់ប្រទេសខាងយើង ដើម្បីឱ្យលោកបញ្ជាទិញ ហើយបើសិនជាប្រទេសយើងយឺត ក្នុងការបញ្ជាទិញនោះនឹងធ្វើឱ្យតម្លៃឡើងចុះហើយ»

ការលើកឡើងរបស់ ឧកញ៉ា ចាន់ សុឃាំង ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសផលិតកម្មស្រូវរបស់កម្ពុជា, តើប្រភេទស្រូវអ្វី ដែលមានឱកាសទីផ្សារល្អ?»៕