(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ បានបន្តអំពាវនាវដល់ប្រជាកសិករ ងាកមកដាំដុះពូជស្រូវរបស់ខ្មែរឱ្យបានច្រើន ដើម្បីបង្កើនឯករាជ្យភាពនៃការនាំចេញ។
ការលើកឡើងរបស់លោកឧកញ៉ា ចាន់ សុឃាំង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការតម្រង់ទិសផលិតកម្មស្រូវរបស់កម្ពុជា, តើប្រភេទស្រូវអ្វី ដែលមានឱកាសទីផ្សារល្អ?»។
លោកឧកញ៉ា ចាន់ សុឃាំង បានថ្លែងថា «ក្នុងនាមសហព័ន្ធស្រូវអង្ករ ខ្ញុំសូមអំពាវនាវដល់ប្រជាកសិករងាកមកដាំដុះពូជស្រូវរបស់ខ្មែរឱ្យបានច្រើន ដើម្បីបង្កើនឯករាជ្យភាពនៃការនាំចេញ»។
លោកឧកញ៉ាបានបន្ថែមថា ក្នុងនោះពូជរបស់កម្ពុជា មានស្រូវសែនក្រអូបដែលជាពូជ ដែលធ្លាប់ជាប់ជាប្រភេទអង្ករដែលល្អចំនួន២លើក ពូជផ្ការំដួលដែលជាប្រភេទស្រូវធ្ងន់ ពូជស្រូវចំប៉ឺស៧០ ដែលជាប្រភេទពូជក្រអូប និងពូជមួយទៀត គឺស្រងែ ដែលជាពូជស្រូវមួយដែលប្រជាកសិករឧស្សាហ៍ និងចូលចិត្តដាំដុះ និងជាប្រភេទដែលធននឹងជំងឺផងដែរ។
លោកឧកញ៉ាបានបញ្ជាក់ថា នេះជាជម្រើសមួយជូនប្រជាកសិករ ដែលគួរជ្រើសរើសពូជមិនឲ្យជាន់គ្នា តាមតំបន់នោះទេ។ ចំពោះការដាំដុះទាំងនៅសហគមន៍ និងប្រជាកសិករទាំងខ្នាតធំ ខ្នាតតូច អាចក្រងគ្នាជាក្រុមធ្វើកិច្ចសន្យាកសិកម្មបាន ជាមួយរោងម៉ាស៊ីនកិនស្រូវ អ្នកទិញស្រូវ ដើម្បីធានានូវទីផ្សារដែលមានស្រាប់ កាត់បន្ថយហានិភ័យជាដើម៕
សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ា ចាន់ សុឃាំង៖