(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាចាំបាច់ត្រូវតែរក្សានូវឯកទេសនីយកម្មផលិតកម្ម ឬជំនាញផលិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការផ្គត់ផ្គង់ទីផ្សារនានា និងការប្រកួតប្រជែងជាមួយប្រទេសដទៃ ខណៈដែលទំនិញដែលស្ថិតក្នុងជំនាញនៃការផលិតរបស់កម្ពុជា មានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ។
លើកឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលជំរុញកំណើនពាណិជ្ជកម្មកម្ពុជា» មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្មរូបនេះ បានលើកឡើងថា ឈរលើមូលដ្ឋាននៃការពង្រីកទីផ្សារថ្មី និងពង្រឹងទីផ្សារចាស់ គឺជាមធ្យោបាយតែមួយគត់តែធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។ ហេតុដូច្នេះហើយ បើទោះបីជាកម្ពុជាខិតខំប្រឹងប្រែងធ្វើពិពិធកម្មនៃការនាំចេញទំនិញក៏ដោយ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវតែរក្សានូវឯកទេសនីយកម្មផលិតកម្មរបស់ខ្លួន ដើម្បីរក្សាទីផ្សារចាស់។
លោកបានលើកឡើងថា «ឯកទេសនីយកម្មរបស់កម្ពុជា គឺការផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ គ្រឿងបម្លាស់ គ្រឿងបង្គុំរថយន្ត ខ្សែភ្លើង។ នេះជាសញ្ញាមួយដែលយើងត្រូវតែរក្សានូវឯកទេសនីយកម្មផលិតដែលជាជំនាញរបស់កម្ពុជា និងមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ និងមានការជឿទុកចិត្តទៅលើគុណភាព និងផលិតភាពផលិតកម្ម ដែលគេអាចបញ្ជាទិញបរិមាណប៉ុណ្ណាក៏បាន និងនិរន្តភាពនៃការផ្គត់ផ្គង់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ»។
ស្របជាមួយគ្នានេះ លោកបានលើកឡើងថាដែរថា ផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងមាន ដូចជាកិច្ចព្រៀងពាណិជ្ជកម្មសេរី ជាមួយចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងជាមួយអាស៊ាន ដែលនឹងជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា ក៏ទាមទារឱ្យកម្ពុជាធ្វើពិពិធកម្មទំនិញនាំចេញ ដូចជាផលិតផលកសិកម្មកែច្នៃជាដើម៕