(សិង្ហបុរី)៖ សេដ្ឋវិទូបានឱ្យដឹងកាលពីថ្ងៃសុក្រថា ឱនភាពពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយសហរដ្ឋអាមេរិកអាចជួយឱ្យប្រទេសសិង្ហបុរីជៀសផុតពីការក្លាយជាគោលដៅដកហូតពន្ធគយរបស់អាមេរិក ប៉ុន្តែប្រទេសដីកោះនេះនៅតែប្រឈមនឹងហានិភ័យពីភាពតានតឹងពាណិជ្ជកម្ម។ នេះបើយោងតាមកាសែត Channel News Asia។
ការអត្ថាធិប្បាយរបស់ក្រុមសេដ្ឋវិទូទាំងនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីការដកហូតពន្ធគយតបតដែលនឹងប៉ះពាល់ដល់ទាំងប្រទេសសម្ព័ន្ធមិត្តនិងដៃគូប្រកួតប្រជែង ដោយនិយាយថា «ប្រទេសណាក៏ដោយដែលដកហូតពន្ធគយសហរដ្ឋអាមេរិក យើងនឹងដកហូតពន្ធគយលើពួកគេវិញ»។
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Barnabas Gan ប្រធានក្រុមសេដ្ឋវិទូស្តីទី និងជាប្រធានផ្នែកស្រាវជ្រាវទីផ្សារនៃធនាគារ RHB Bank ខណៈថ្លែងថា ក្នុងនាមជាប្រទេសតូច និងពឹងផ្អែកលើពាណិជ្ជកម្ម «កិច្ចគាំពារនិយមដែលដឹកនាំដោយសហរដ្ឋអាមេរិក» នេះអាចប៉ះពាល់ដល់ប្រទេសសិង្ហបុរីដោយប្រយោល។
លោក Gan បាននិយាយថា ប្រទេសសិង្ហបុរីទំនងជានឹងរងផលប៉ះពាល់ដោយផលជះអវិជ្ជមានពីបទបញ្ជាប្រតិបត្តិទីពីរពីពន្ធលើប្រទេសចិន។
ទោះជាយ៉ាងណា សិង្ហបុរីប្រហែលជា «ទទួលរងផលជះអវិជ្ជមានតិចតួចបំផុត» ដោយសារតែប្រទេសនេះអាចទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលខ្លួនមានជាមួយសហរដ្ឋអាមេរិក។ លោកបានបន្ថែមថា សិង្ហបុរីក៏ជាប្រទេសតែមួយគត់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
អ្នកស្រី Yun Liu សេដ្ឋវិទូមកពីក្រុមហ៊ុន HSBC ASEAN ក៏យល់ឃើញដូច្នេះផងដែរ។ អ្នកស្រីបាននិយាយថា បើទោះជាសិង្ហបុរីប្រហែលជាមិនត្រូវបានក្លាយជាគោលដៅដោយផ្ទាល់របស់អាមេរិកក៏ដោយ ក៏វាហាក់ដូចជាថា ឆ្នាំ២០២៥នឹងត្រូវបានមើលឃើញថាជាឆ្នាំដែលមានបញ្ហាប្រឈម និងភាពមិនច្បាស់លាស់។ អ្នកស្រីបានមានប្រសាសន៍ថា៖ «ភាពចលាចលផ្នែកពាណិជ្ជកម្មទំនងជានឹងរារាំងចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់សិង្ហបុរី»៕