(ភ្នំពេញ)៖ មួយខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៨ពាន់តោន ដោយទទួលបានចំណូលប្រមាណជាង ៧៥លានដុល្លារអាមេរិក កើនឡើង២៧.៨៤%។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០៥នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣៨ ៨៧៣ បានថយចុះចំនួន ២ ៦១៤តោន ស្មើនឹង៦.៣០% ធៀបនឹងខែមករា ឆ្នាំ២០២៤ និងទទួលបានចំណូលចំនួន ៧៥ ១៤៨ ១៦៨ដុល្លារ។ ចំណែកការលក់ឈើកៅស៊ូវិញ មានចំនួន ១ ៩៤៦ម៉ែត្រគូប ទទួលបានចំណូល ៤២៧ ៨៤០ដុល្លារ។
ក្នុងខែមករាឆ្នាំ២០២៥ ជ័រកៅស៊ូមានតម្លៃ ១ ៩៣៣ដុល្លារ ក្នុង១តោន កើនឡើងចំនួន៤៨៨ដុល្លារ ក្នុង១តោន ស្មើនឹង៣៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមករា ឆ្នាំ២០២៥ មានតម្លៃ ២២០ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨.% និងផ្ទៃដីថែទាំមានចំនួន ៩៥ ១៨៤ហិកតា ស្មើនឹង២២%។
ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូជាង ៦៧១លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕