(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃនឹងអនុវត្តវិធានការចំនួនប្រាំពីរ ដើម្បីជំរុញតម្លៃអង្ករដូចជាពិព័រណ៍ទីផ្សារស្រូវ និងអង្ករ និងការពង្រីកការនាំចេញ រួមទាំងការកោះប្រជុំអនុគណៈកម្មការគោលនយោបាយ និងគ្រប់គ្រងអង្ករជាតិផងដែរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Pichai Naripthaphan ត្រូវបានដកស្រង់សម្តីដោយកាសែតបាងកកប៉ុស្តិ៍ ខណៈថ្លែងថា ការធ្លាក់ចុះតម្លៃអង្ករនាពេលថ្មីៗនេះ គឺបណ្តាលមកពីកត្តាខាងក្រៅ ជាពិសេសការចាប់ផ្តើមនាំចេញអង្ករឡើងវិញ របស់ប្រទេសឥណ្ឌា និងការថយចុះតម្រូវការពីប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង (DIT) គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ តម្លៃអង្ករហូមម៉ាលីសមានតម្លៃ ១៥ ៥០០ ទៅ ១៦ ៥០០បាត ( ៤៦០ដុល្លារទៅ ៤៨៩ដុល្លារ) ក្នុងមួយតោន កើនឡើង ៨% ធៀបនឹងឆ្នាំមុន អង្ករប៉ាក់ធុមថានីមានតម្លៃ ១១ ៥០០ ទៅ ១២ ៧០០បាតក្នុងមួយតោន ធ្លាក់ចុះ ១៦%។

លោក Pichai បានថ្លែងថា ក្រសួងបានអនុម័តវិធានការបន្ទាន់ ដើម្បីដោះស្រាយការធ្លាក់ចុះតម្លៃស្រូវ។

នាយកដ្ឋាន DIT គ្រោងកោះប្រជុំអនុគណៈកម្មការគោលនយោបាយនិងគ្រប់គ្រងអង្ករជាតិទទួលបន្ទុកទីផ្សារនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីផ្តោតលើការបង្កើតវិធានការគាំទ្រសម្រាប់កសិករដែលរងផលប៉ះពាល់ដោយការ ធ្លាក់ចុះតម្លៃអង្ករ។ លោកបានបន្តថា អនុសាសន៍នានានឹងត្រូវដាក់ជូនគណៈកម្មាធិការគោលនយោបាយនិងគ្រប់គ្រងអង្ករជាតិដើម្បីពិនិត្យនិងពិចារណា។

ក្រសួងពាណិជ្ជកម្មក៏បានរៀបចំពិព័រណ៍ទីផ្សារស្រូវនៅក្នុងខេត្តចំនួន២០ នៅទូទាំងអាងទន្លេចៅប្រាយ៉ា ដើម្បីឱ្យកសិករលក់ស្រូវក្នុងតម្លៃខ្ពស់។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យតម្លៃកើនឡើងពី ១០០ ទៅ ២០០បាតក្នុងមួយតោន។

ពិព័រណ៍លើកដំបូងត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តអយុធ្យាពីថ្ងៃទី១៦ ដល់ ២០ ខែកុម្ភៈ ហើយពិព័រណ៍ចំនួន ១៤ ទៀតគ្រោងនឹងធ្វើរហូតដល់ខែមេសា។

ទាក់ទងនឹងការពង្រីកការនាំចេញ លោក Pichai គ្រោងនឹងធ្វើទស្សនកិច្ចនៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងក្នុងខែមីនា ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីនាំចេញអង្ករទៅកាន់ប្រទេសនេះចំនួន ៣សែនតោន ដែលមានតម្លៃជាង ៥,២៥ពាន់លានបាត។

ក្រសួងក៏រំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលជាមួយប្រទេសចិនផងដែរ ដោយស្វែងរកការនាំចេញអង្ករចំនួន ២៨ម៉ឺនតោនផ្សេងទៀត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕