(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី២៤ និងទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបន្ថែមទៀត ស្តីពីការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) ក្រោមអធិបតីភាពលោកអគ្គនាយករង សែ សុឃន តំណាងបណ្ឌិត គុណ ញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចំនួន២ថ្ងៃ ដាច់ដោយឡែកពីគ្នា ជូនមន្ត្រីគយនិងរដ្ឋាករមកពីទូទាំងប្រទេសចំនួន ១០៨នាក់ និងវិស័យឯកជនជាក្រុមហ៊ុនធុរកិច្ច ជើងសាគយ និងបុគ្គលិកក្រុមហ៊ុនពាក់ព័ន្ធសរុបប្រមាណ ២២០ នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃការអនុវត្ត និងការកែលម្អផ្នែកបច្ចេកទេសនៃមុខងារ e-Payment ក៏ដូចជាឱកាសលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមនានាក្នុងដំណើរការអនុវត្ត ដើម្បីជំរុញការបង់ពន្ធគយ តាមរយៈមុខងារ e-Payment ឱ្យបានច្រើនជាអតិបរមា។
គួរជម្រាបជូនថា វិធានការជំរុញការប្រើប្រាស់មុខងារ e-Payment ត្រូវបានដាក់ជាការងារអាទិភាពមួយផងដែរ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការងារប្រមូលចំណូលថវិកាជាតិ។
មានមតិក្នុងអង្គសិក្ខាសាលា លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា ការបង់ពន្ធគយតាម e-Payment បានផ្តល់អត្ថប្រយោជន៍ដល់ធុរជន អ្នកនាំចេញនាំចូល និងនីតិបុគ្គលជើងសាគយ មានភាពងាយស្រួល ឆាប់រហ័ស ត្រឹមត្រូវ កាត់បន្ថយហានិភ័យនៃការកាន់សាច់ប្រាក់ក្នុងដៃ និងចៀសវាងបាននូវការភាន់ច្រឡំចំនួនប្រាក់ពន្ធ ឬលេខគណនីធនាគារចំណូលគយជាយថាហេតុនៅពេលធ្វើប្រតិបត្តិការបង់ពន្ធ ។
សម្រាប់មន្រ្តីគយនិងរដ្ឋាករ ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រង ពិនិត្យតាមដានប្រតិបត្តិការបង់ប្រាក់ រៀបចំរបាយការណ៍ និងបង្វែរចំណូលថវិកាជាតិបានទាន់ពេលវេលា។ មុខងារ e-Payment ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកគាំទ្រដល់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ មានធនាគារពាណិជ្ជចំនួន ១២ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករ។
ក្នុងនោះ ធនាគារពាណិជ្ជចំនួន ៨ បានដាក់ឱ្យដំណើរការមុខងារ e-Payment ក្នុងការបង់ពន្ធគយ ហើយធនាគារពាណិជ្ជ១ ទៀតកំពុងរៀបចំដាក់ឱ្យដំណើរការមុខងារនេះដែរ។ បន្ថែមលើនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានដាក់ឱ្យដំណើរការនូវ dynamic KHQR ដែល អាចធ្វើការស្គែនទូទាត់ពីគ្រប់ធនាគារពាណិជ្ជដែលជាសមាជិករបស់បាគង។
គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាដើម្បីជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក ជូនដល់វិស័យឯកជន ធនាគារពាណិជ្ជដៃគូ និងមន្រ្តីគយនិងរដ្ឋាករមកពីគ្រប់អង្គភាព។
ជាលទ្ធផល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សង្កេតឃើញថាប្រតិបត្តិការនៃការទូទាត់តាមរយៈមុខងារ e-Payment បានកើនឡើងជាបន្តបន្ទាប់ ដោយកើនឡើងពីជាង ៤០០ ប្រតិបត្តិការក្នុងខែឧសភា ឆ្នាំ២០២៤ ទៅជាង ២៣,០០០ ប្រតិបត្តិការ នៅខែមករា ឆ្នាំ២០២៥ ។
ជាចុងក្រោយ លោកអគ្គនាយករងបានអំពាវនាវដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាតំណាងសមាគម ក្រុមហ៊ុន ធុរជន នីតិបុគ្គលនិងរូបវន្តជើងសាគយ ចូលរួមប្រើប្រាស់ និងជំរុញការប្រើប្រាស់មុខងារ e-Payment ក្នុងការបង់ពន្ធគយ ឱ្យអស់លទ្ធភាព ដើម្បីឈានទៅអនុវត្តការបង់ពន្ធគយ ដោយប្រើប្រាស់មុខងារ e-Payment ទាំងស្រុងនាពេលខាងមុខ។
សិក្ខាសាលាដែលមានរយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញស្តីពីដំណើរការទូទាត់តាមរយៈមុខងារ e-Payment និងការបង្ហាញអំពីមុខងារនេះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការចែករំលែកបទពិសោធន៍ និងផលប្រយោជន៍នៃការប្រើប្រាស់មុខងារ e-Payment របស់វិស័យឯកជនចំនួន៣ក្រុមហ៊ុន និងមន្រ្តីគយនិងរដ្ឋាករមកពីអង្គភាពផ្សេងគ្នាចំនួន ៣អង្គភាព និងបន្តដោយកម្មវិធីសំណួរ-ចម្លើយ ដែលបានឈានឡើងទៅជាវេទិកាពិភាក្សាដ៏មានសារៈសំខាន់ និងគួរឱ្យចាប់អារម្មណ៍។ អង្គសិក្ខាសាលាបានបិទបញ្ចប់ប្រកបដោយ បរិយាកាសរីករាយ ស្និទ្ធស្នាល ព្រមទាំងទទួលបាននូវផ្លែផ្កាគួរឱ្យកត់សម្គាល់៕